កៀនស្វាយ៖ ប្រជាពលរដ្ឋរស់នៅឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាលបានអះអាងថា ចាប់តំាងពីអាជ្ញាធរស្ទូចយកដើមឈើទាលដ៏ធំមួយដែលអូសចេញពីទន្លេបាសាក់យកមករក្សាទុកនៅបរិវេណសាលាឃុំឈើទាលមកគឺមានមនុស្សម្នាជាច្រើនមកពីគ្រប់ទិសទីមកអុចធូបបន់ស្រន់សុំសេចក្តីសុខគ្រប់ៗគ្នា។
យោងតាមប្រភពពីលោកតា ងុន សុខ អាយុ ៨០ ឆ្នាំរស់នៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាលបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី ១៤ ខែឧសភានេះថា ចាប់តាំងពីថ្ងៃដែលអាជ្ញាធរឃុំឈើទាលស្ទូចយកដើមឈើទាលដ៏ធំមួយដើមយកមកដំកល់ទុកនៅក្នុងបរិវេណសាលាឃុំកាលពីរសៀលថ្ងៃទី ១៣ ខែឧសភាមកគឺមានមនុស្សជាច្រើននាំគ្នាមកអុចធូបបន់ស្រន់សុំសេចក្តីសុខតាមការប្រាថ្នារបស់ពួកគេរៀងៗខ្លួន។
លោកតា ងុន សុខ បានបញ្ជាក់ថាមកដល់ពេលនេះនៅទីតាំងសាលាឃុំឈើទាល ដែលអាជ្ញាធរស្ទូចយកដើមឈើទាលមកដំកល់ទុកនេះគឺមានបងប្អូនប្រជាពលរដ្ឋក្មេងចាស់ភាគច្រើនជាជនជាតិខ្មែរបាននាំគ្នាមកអុច ធូបបន់ស្រន់ដោយយកនូវផ្កាឈូកនឹងបច្ច័យយកមកចូលបុណ្យដែលមានគណៈកម្មការបុណ្យដាក់បញ្ជររង់ចាំទទួលព្រមទាំងចងខ្សែរអំបោះក្រហមដូចព្រះសង្សទៀតផង។
ទាក់ទិននឹងអាយុកាលនៃដើមឈើទាលនេះដែរលោកតាបានបញ្ជាក់ថាលោកតាពុំបានដឹងពីអាយុដើមឈើទាលនេះហើយបានស្រុតចុះទៅទន្លេពីពេលណាមកទេ។ហើយគ្រាន់តែបានដឹងពត័មាននៅប៉ុន្មានថ្ងៃនេះមានក្រុមអ្នកនេសាទនៅក្នុងទន្លេបាសាក់នេះបានយកកាណូតចំនួន២គ្រឿងមកដាក់សណ្តោងប្រុងយកទៅក្រោម (មិនដឹងយកទៅកន្លែងណា)ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាហាមឃាត់រួចប្តឹងឲ្យអាជ្ញាធរស្ទូចយកដើមឈើទាលដ៏ធំនេះមករក្សាទុកក្នុងបរិវេណសាលាឃុំឈើទាលតែម្តង។
ប្រជាពលរដ្ឋភាគច្រើនចាស់ៗបាននិយាយថាដើមឈើទាលនេះអាចដុះនៅវត្តឬស្សីស្រុកដែលមានទៅតាំងស្ថិតនៅតាមមាត់ទន្លេបាសាក់ដែលនៅខាងជើងសាលាឃុំឈើទាលប្រមាណកន្លះគីឡូដីប៉ុណ្ណោះ។ហើយចាស់ៗមិនបានរៀបរាប់ពីប្រវត្តិដើមនៃដើមឈើដ៏ធំនេះមិនដឹងជាអាយុកាលប៉ុន្មានរយឆ្នាំនោះទេ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៤ ខែឧសភានេះគឺមានក្រុមរបាំមកពីមណ្ឌលកុមារកំព្រានៅក្នុងឃុំឈើទាលបានមករាំថ្វាយនៅត្រង់គល់ដើមឈើទាលដើម្បីសុំសេចក្តីសុខសេចក្តីសប្បាយជូនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕