ភ្នំពេញៈ គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដែលមានទំហំទឹកប្រាក់ ១៥០ លានដុល្លារ តាមរយៈធនាគារ SME និងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តពីថ្ងៃទី ១៧ ខែឧសភា តទៅ។
ថវិកានៅក្នុងគម្រោងនេះ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ៧៥ លានដុល្លារ តាមរយៈធនាគារ SME និងថវិកាគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗចំនួន ៧៥ លានដុល្លារ។ លក្ខណពិសេសរបស់គម្រោងនេះរួមមាន អត្រាការប្រាក់អតិបរមា ៦,៥ ភាគរយក្នុង ១ ឆ្នាំ, ការសងត្រឡប់ឥណទានសម្រាប់រយៈពេលអនុគ្រោះ ១២ ខែ, រយៈពេលឥណទានកំណត់រហូតទៅដល់ ៧ ឆ្នាំ, ទំហំទឹកប្រាក់កម្ចីបានដល់ ៤០ ម៉ឺនដុល្លារ, ការផ្តល់នឹងផ្តោតលើអាជីវកម្មផ្សេងៗទាក់ទងវិស័យទេសចរណ៍, ហើយការផ្តល់អាចជាលុយរៀល ឬដុល្លារអាមេរិក។ អាជីវកម្មគោលដៅ មាន ៤ គឺ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដទៃទៀត ដែលគាំទ្រវិស័យទេសចរណ៍។
គម្រោងសហហិរញ្ញប្បទាននេះមានគោលបំណង ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសម្ទុះឡើងវិញ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនៃកង្វះហិរញ្ញប្បទានរបស់អាជីវកម្មក្នុងវិស័យទេសចរណ៍។ គម្រោងនេះក៏នឹងជួយក្នុងការរក្សាលំនឹង កែលម្អ និងពង្រីកសក្តានុពលអាជីវកម្ម ដោយនឹងគាំទ្រការធ្វើប្រតិបត្តិការអាជីវកម្មឡើងវិញ, ការធ្វើទំនើបកម្ម និងពង្រីកខ្លួនបន្ថែម ក៏ដូចជាការធ្វើពិពិធកម្មនៃសេវាទេសចរណ៍ ដើម្បីត្រៀមទទួលទេសចរជាតិ និងអន្តរជាតិនៅពេលវិបត្តិជំងឺកូវីដ ១៩ បានធូរស្រាល។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា គម្រោងសហហិរញ្ញប្បទាននេះ គឺជាផ្នែកមួយនៃការគាំទ្រដល់ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែធ្នូ ឆ្នាំ ២០២១។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសនៅក្នុងវិស័យទេសចរណ៍ គឺជាវិធានការចាំបាច់ណាស់ ដើម្បីជួយឱ្យសហគ្រាសទាំងនេះអាចស្តារ ងើប និងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនឡើងវិញ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែច្នៃវិស័យទេសចរណ៍ឱ្យមានភាពទាក់ទាញកាន់តែខ្លាំងជាងមុន និងជាពិសេសប្រែក្លាយកម្ពុជាទៅជាទិសដៅទេសចរណ៍ចម្បងមួយក្នុងតំបន់ និងសកលលោក»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថា ចំនួនអាជីវកម្មទេសចរណ៍ដែលបើកឡើងវិញនៅមានសម្ទុះយឺត ដោយគិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ មានទីតាំងអាជីវកម្មទេសចរណ៍ ១ ៤២៨ ទីតាំងកំពុងបន្តបិទ ឬព្យួរនៅឡើយ ខណៈអ្នកបម្រើការផ្ទាល់ក្នុងវិស័យនេះជាង ២ ម៉ឺននាក់នៅបន្តរងផលប៉ះពាល់។
លោកបន្តថា អាជីវកម្មទេសចរណ៍ជិត ៩៧ ភាគរយមានបញ្ហារំហូរសាច់ប្រាក់ និងកង្វះខាតហិរញ្ញប្បទានសម្រាប់ជួសជុល និងដំណើរការអាជីវកម្មឡើងវិញ ខណៈអាជីវកម្មបានបើកឡើងវិញនាពេលបច្ចុប្បន្ន ជាអាជីវកម្មកម្រិតខ្ពស់ ដែលទទួលហិរញ្ញប្បទានពីអាជីវកម្មមេនៅបរទេស។
លោកបញ្ជាក់ថា៖ «ក្រសួងទេសចរណ៍ជឿថា ការដាក់ឱ្យអនុវត្តកម្មវិធីសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ក្នុងទំហំទឹកប្រាក់ ១៥០ លានដុល្លារនេះមិនត្រឹមតែអាចចូលរួមស្តារឡើងវិញនូវអាជីវកម្មទេសចរណ៍ខ្នាតតូច និងមធ្យម ដែលកំពុងមានកង្វះខាតផ្នែកហិរញ្ញប្បទានក្នុងការជួសជុលទីតាំង និងពង្រឹងគុណភាពសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយអាជីវកម្មខ្នាតតូច និងមធ្យមថ្មីក្នុងវិស័យទេសចរណ៍ឱ្យមានប្រសិទ្ធភាពផងដែរ»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានឱ្យដឹងថា នេះជាដំណឹងរីករាយសម្រាប់វិស័យទេសចរណ៍ ដោយនឹងអាចជួយបានច្រើនទៅលើការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញរបស់វិស័យឯកជនផ្នែកទេសចរណ៍ដូចជា រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ជាដើម។
លោកបានបន្ថែមថា បច្ចុប្បន្នវិស័យឯកជនកំពុងត្រូវការជំនួយហិរញ្ញប្បទាន ដើម្បីបន្តនិរន្តរភាព ខណៈវិស័យនេះបានចាប់ផ្តើមប្រសើរឡើងបន្តិចម្តងៗពីវិបត្តិដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩។
លោកបញ្ជាក់ថា៖ «អត្រាការប្រាក់កាន់តែទាបចន្លោះពី ៣-៤ ភាគរយ គឺជាអ្វីដែលវិស័យឯកជនចង់បានបំផុត ព្រោះជាការជួយបន្ថែមដល់វិស័យទេសចរណ៍ឱ្យឆាប់មានភាពប្រក្រតីឡើងវិញ។ យើងក៏សង្ឃឹមថា វិស័យពន្ធដារនឹងជួយបន្ធូរបន្ថយកាន់តែច្រើនទៀតផងដែរ»។
ម្ចាស់សណ្ឋាគារមេរ៍សិន វត្តគរ នៅខេត្តបាត់ដំបង បានឱ្យដឹងថា គម្រោងសហហិរញ្ញប្បទានស្តារដែលមានអត្រាការប្រាក់ទាបនេះនឹងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដោយវាអាចចូលរួមបានមួយចំណែកក្នុងការស្តារអាជីវកម្មក្នុងវិស័យទេសចរណ៍ឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរត្រឡប់មកវិញ។
លោកបានបន្តថា ដោយសារវិបត្តិកូវីដ ១៩ សណ្ឋាគារមួយចំនួនធំបានបិទទ្វារ ដូចនេះផ្នែកសណ្ឋាគារត្រូវការថវិកាមួយចំនួន ដើម្បីរៀបចំ និងជួសជុលឡើងវិញ ដែលទាមទារឱ្យមានការជួយពីភាគីពាក់ព័ន្ធ៕