ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ ឆ្នាំ២០២២នេះ ការនាំចេញ កសិផល របស់កម្ពុជាសរុបទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជាង ៤,៦លានតោន ទៅកាន់ទិសដៅ៦០ប្រទេស កើនឡើងជាង ៤២០.០០០តោន (៤២ម៉ឺនតោន) ឬស្មើនឹង១០,២៤ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង៤,១លានតោន ប៉ុណ្ណោះ។
បើទោះបីជាការនាំចេញកើនឡើងក៏ដោយ ក្រសួងកសិកម្ម សង្កេត ឃើញថា ការនាំចេញកសិផលស្រស់មួយចំនួននាពេលថ្មីៗនេះ មានការថយចុះគួរឱ្យគត់សម្គាល់ ពិសេសការនាំចេញទៅកាន់ ប្រទេសចិន។ ជាក់ស្តែងនៅដើមឆ្នាំ២០២២នេះ ការនាំចេញផលិតផល ជាពិសេសកសិផលទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំរបស់កម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
បើតាមក្រសួងកសិកម្ម ការនាំចេញកសិផលទៅកាន់ទីផ្សារ ប្រទេសចិនធ្លាក់ចុះនេះ បណ្តាលមកកពីកត្តាមួយចំនួនដូចជា កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល បណ្ដាលឱ្យទូត្រជាក់ឡើងថ្លៃជាខ្លាំង បើធៀបទៅនឹងមុនមានវិបត្តិជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ននេះ តម្លៃមាន ការកើនឡើងរហូតដល់ជាង៣ដង។ ទន្ទឹមគ្នានេះ ការរឹតបន្តឹងការត្រួត ពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩ ស្របតាម យុទ្ធសាស្ត្រគ្មានការរាលដាលឆ្លងនូវជំងឺកូវីដ-១៩ ពីប្រទេសខាងក្រៅ នៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន-វៀតណាម បណ្តាលឱ្យ មានការរាំងស្ទះទំនិញ និងការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និង ភូតគាមអនាម័យ ដែលបណ្ដាលមកពីការរកឃើញជំងឺកូវីដ-១៩ នៅលើសំបកកេសវេចខ្ចប់ផ្លែចេក ពីសំណាក់អាជ្ញាធរគយចិន ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវអាក់ខានការនាំចេញមួយរយៈ និងក្រុមហ៊ុនខ្លះទុកចោលមិនប្រមូលផល។
តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ជាង៥១៩លានដុល្លារទៅកាន់ប្រទេសចិន ថយចុះ៦,៩ភាគរយ បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងរយៈពេលដូច គ្នានេះដែរ ចិនបាននាំចូលទំនិញមកកម្ពុជាវិញមានតម្លៃ ៤.៤៧០លាន ដុល្លារ កើនឡើង៣១,៥ភាគរយ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាង ប្រទេស ទាំងពីរមានទំហំជាង ៤.៩៩០លានដុល្លារ កើនឡើង២៦,១ ភាគរយ៕