ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានដាក់ចេញនូវការប្រលងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី៣ ឆ្នាំ២០២២ ក្នុងគោលបំណងរួមចំណែកផ្សព្វផ្សាយគោលដៅសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលជាសសរស្តម្ភមួយក្នុងទ្រទ្រង់វិស័យទេសចរណ៍ក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ពិសេសចូលរួមសម្រេចយុទ្ធនាការ «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»។
ការចូលរួមប្រលងប្រណាំងខាងលើត្រូវគោរពតាមនីតិវិធី ដូចខាងក្រោម៖
*ដំណាក់កាលទី១៖ ខែកក្កដា ឆ្នាំ២០២២
បេក្ខភាពទាំងអស់ទាំងអស់ អាចស្នើសុំទម្រង់បែបបទចុះឈ្មោះប្រលងប្រណាំង៖
*ដោយផ្ទាល់នៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត
*នៅក្រសួងទេសចរណ៍ (នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងលេខាធិការដ្ឋានគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍) បេក្ខភាពត្រូវដាក់ពាក្យចូលរួមប្រលងប្រណាំងដោយបំពេញឲ្យបានត្រឹមត្រូវ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ រួចបញ្ជូនមកក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈតេលេក្រាមលេខ៖ ០១០ ៥០៩ ៨១៨។
*ដំណាក់កាលទី២៖ ខែសីហា ឆ្នាំ២០២២
គណៈកម្មការវាយតម្លៃ នឹងធ្វើការត្រួតពិនិត្យ និងចុះវាយតម្លៃផ្ទៀងផ្ទាត់លើឯកសារពាក់ព័ន្ធ និងស្ថានភាពជាក់ស្តែងរបស់បេក្ខភាពដែលបានដាក់ពាក្យចូលរួមការប្រលងប្រណាំង។
*ដំណាក់កាលទី៣៖ ខែកញ្ញា ឆ្នាំ២០២២
គណៈកម្មការវាយតម្លៃ នឹងប្រមូលទិន្នន័យ រួចរៀបចំរបាយការណ៍ចុងក្រោយ ដើម្បីឈានទៅប្រកាសលទ្ធផលជ័យលាភី។
*ដំណាក់កាលទី៤៖ ខែតុលា ឆ្នាំ២០២២
គណៈកម្មការវាយតម្លៃ នឹងជូនដំណឹងអំពីជ័យលាភីដល់បេក្ខភាពដែលចូលរួមការប្រលងប្រណាំង។
*ដំណាក់កាលទី៥៖ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នឹងរៀបចំពិធីប្រគល់រង្វាន់ដល់ជ័យ លាភីការប្រលងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី៣ ឆ្នាំ២០២២ នាឱកាសវេទិការជាតិអេកូទេសចរណ៍លើកទី៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២៕