គៀវៈ យោងតាមអ្នកកាសែត Associated Press បានឱ្យដឹងថា កាលពីព្រឹកម្សិលមិញ សេវាជួយសង្គ្រោះបានប្រយុទ្ធនឹងអណ្តាតភ្លើងជាមួយក្រុមសង្គ្រោះជនស៊ីវិលយ៉ាងសកម្ម ហើយអភិបាលក្រុង លោក Vitali Klitschko បាននិយាយថា មនុស្សបួននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររបួស ខណៈក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក ដោយនាងនៅមានជីវិតនៅឡើយ។
បើតាមទិន្នន័យបឋមពីសមាជិកសភាអ៊ុយក្រែន លោក Oleksiy Goncharenko មីស៊ីលចំនួន ១៤គ្រាប់ ត្រូវបានបាញ់មកលើតំបន់ និងក្រុងគៀវ ប៉ុន្តែមុនការវាយប្រហារកាលពីព្រឹកម្សិលមិញ រដ្ឋធានីនេះមិនមានការវាយប្រហារតាមអាកាសពីទាហានរុស្ស៊ីទេ ចាប់តាំងពីថ្ងៃទី៥ ខែមិថុនាមក។
ជាមួយនឹងគ្នាដែរ លោកអភិបាលក្រុង Klitschko បានប្រាប់អ្នកកាសែតថា លោកជឿថា «នេះប្រហែលជាសញ្ញា» មុនពេលកិច្ចប្រជុំកំពូលរបស់ណាតូចាប់ផ្តើម ក្នុងសប្តាហ៍នេះ នៅក្រុងម៉ាឌ្រីត។
ទោះជាយ៉ាងណាក៏ដោយ ការផ្ទុះពីរលើកទៀតក៏ត្រូវបានឮផងដែរ។ ប៉ុន្តែមូលហេតុ ចំនួនអ្នកស្លាប់ និងអ្នករបួស នៅមិនទាន់មានទន្និន័យច្បាស់លាស់នោះទេ។
អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន និយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយចន្លោះពី ៤ ទៅ ៦គ្រាប់ ដែលបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី មានចម្ងាយជាង ១ ០០០គីឡូម៉ែត្រពីតំបន់ Astrakhan ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ ក៏ប៉ុន្តែមីស៊ីលដែលចូលមកមួយចំនួន ត្រូវបានបាញ់ទម្លាក់។
ទាក់ទងនឹងការវាយប្រហារខាងលើ កងកម្លាំងរុស្ស៊ីបច្ចុប្បន្ន កំពុងស្វែងរកការលេបយកទីតាំងរឹងមាំចុងក្រោយរបស់អ៊ុយក្រែនដែលនៅសេសសល់ក្នុងតំបន់ Luhansk ភាគខាងកើត បន្ទាប់ពីពួកគេបានគ្រប់គ្រងតំបន់ Sievierodonetsk ទាំងស្រុង កាលពីថ្ងៃសៅរ៍ និងរោងចក្រគីមីដែលទាហានអ៊ុយក្រែន និងជនស៊ីវិលរាប់រយនាក់ជ្រកកោន។
កាលពីម្សិលមិញ លោក Serhiy Haidai អភិបាលនៃតំបន់ Luhansk ក៏បានឱ្យដឹងដែរថា ប្រទេសរុស្ស៊ីកំពុងធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើក្រុង Lysychansk ដែលនៅជាប់គ្នា ដោយបានបំផ្លាញប៉មទូរទស្សន៍របស់ខ្លួន និងធ្វើឱ្យខូចខាតស្ពានមួយយ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍ រុស្ស៊ីក៏បានបាញ់មីស៊ីលរាប់សិបគ្រាប់លើតំបន់ជាច្រើននៅទូទាំងប្រទេសដែលនៅឆ្ងាយពីចំណុចកណ្តាលនៃសមរភូមិភាគខាងកើត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Star៕