ភ្នំពេញ៖ កម្ពុជា-ម៉ុងហ្គោលី គ្រោងនឹងធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីមានលទ្ធភាពក្នុងការលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ ជាពិសេសគឺលើកទឹកចិត្តឱ្យវិស័យឯកជនម៉ុងហ្គោលីសិក្សាអំពីសក្តានុពលលើវស័យកសិកម្មកម្ពុជា និងទំនិញសំខាន់ៗដទៃទៀតដែលអាចជាតម្រូវការទីផ្សាររបស់ខ្លួន។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំកម្ពុជាទើបតែងតាំងថ្មី ដែលមាននិវាសន្និដ្ឋាននៅទីក្រុងវាងចន្ទន៍ ប្រទេសឡាវ និងសហការី នៅទីស្តីការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៩ ខែមិថុនាកន្លងមកនេះ។
លោក រាជ រ៉ាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំក្នុងការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគតាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការដាក់ប្រកាសឱ្យប្រើច្បាប់សំខាន់ៗ រួមមាន ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ជាដើម។
លោកបានថ្លែងថា៖«តួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការចូលរួមចំណែកក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ»។
លោកបានកត់សម្គាល់នូវឱកាសនិងសក្តានុពលក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ឱ្យកាន់តែរីកចម្រើនជាងនេះ តាមរយៈការពិនិត្យលទ្ធភាពរៀបចំឱ្យមាននូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឬអនុស្សរណៈនៃការយោគយល់គ្នាជំរុញពាណិជ្ជកម្ម ជាដើម។
លោក JAMSRAN បានមានប្រសាសន៍ថា លោកកត់សម្គាល់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រួលពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងអភិវឌ្ឍវិស័យសំខាន់ៗជាខឿនសេដ្ឋកិច្ចជាតិ។ ប្រទេសម៉ុងហ្គោលីបាននិងកំពុងធ្វើការស្វែងយល់ពីបរិបទនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង២នាពេលកន្លងមក។
លោក រាជ រ៉ាបានគាំទ្រចំពោះសំណើក្នុងការរៀបចំនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីមានលទ្ធភាពក្នុងការលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ ហើយបានគូសបញ្ជាក់ផងដែរ អំពីសក្តានុពលលើវិស័យកសិកម្មកម្ពុជា និងទំនិញសំខាន់ៗដទៃទៀតដែលអាចជាតម្រូវទីផ្សាររបស់ម៉ុងហ្គោលី។
លោកក៏បានស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច ឬជំនួបរវាងថ្នាក់ដឹកនាំរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងការបរទេសម៉ុងហ្គោលី ដើម្បីបន្តពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ឱ្យបានកាន់តែស៊ីជម្រៅ។
កាលពីចុងខែកញ្ញា ឆ្នាំ២០២០ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ម៉ុងហ្គោលី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីពិនិត្យលើទស្សនទាននៃការសិក្សាស្រាវជ្រាវពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កន្លងមកថា ការសិក្សាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះដែលជាវិធានការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីធ្វើពិពិធកម្មទីផ្សារនៅក្នុងតំបន់ និងពិភពលោក។
លោកថ្លែងថា៖ «ក្រសួងពាណិជ្ជកម្មយើងបាននិងកំពុងខិតខំប្រឹងប្រែងពង្រីកទីផ្សារថ្មីបន្ថែមទៀត។យើងជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដែលមានលទ្ធភាពច្រើនក្នុងការពង្រីកកសិកម្មយើងទៅជាកសិ-ឧស្សាហកម្ម យើងគិតថាយើងមានលទ្ធភាពនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក ក្នុងនោះក៏មានម៉ុងហ្គោលី ផងដែរ»៕