(ភ្នំពេញ) ក្រសួងពាណិជ្ជកម្ម បានពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រជ្រើសរើសផលិតផលកសិកម្មមានសក្តានុពលរបស់កម្ពុជា សម្រាប់នាំចេញនៅក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូនទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១៥ និងមន្រ្តីជំនាញជាច្រើនរូប សរុបចំនួន ៥៧នាក់។
គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បីជ្រើសរើសទំនិញនាំចេញសក្ដានុពលរបស់កម្ពុជា ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។
ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រុមការងារបានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន ១០ មុខមុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋានដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។
ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានចាប់ផ្ដើមរៀបចំនៅត្រីមាសទី៤ នៃឆ្នាំ២០២០ និងបានសម្រេចសេចក្តីព្រាងបឋមនៅឆ្នាំ២០២១ ដោយបានឆ្លងកាត់កិច្ចប្រជុំផ្ទៃក្នុង និងកិច្ចប្រជុំប្រមូលធាតុចូលពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៧ លើក, កិច្ចប្រជុំជាមួយវិស័យឯកជនកាលពីថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ និងកិច្ចប្រជុំអន្តរក្រសួងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ តាមប្រព័ន្ធវីដេអូ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយផ្តល់ធាតុចូលឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមការងារលេខាធិការដ្ឋានអាចបញ្ចប់ឯកសាររៀបចំផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្នុងពេលឆាប់ៗនេះ ព្រោះថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ក៏នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕