(ភ្នំពេញ)៖ ជាការកត់សម្គាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចលនាទេសចរណ៍ផ្ទៃក្នុង គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្ដារវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ ដូច្នេះហើយសម្ដេចតេជោក៏បានជំរុញឱ្យក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធត្រូវរួមគ្នាជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងបន្ថែមការកសាងហេដ្ឋារចនាសម្ពន្ធគាំទ្រវិស័យទេសចរណ៍នៅតាមគោលដៅទេសចរណ៍ថ្មីៗឱ្យបានម៉ឺងម៉ាត់។
ការផ្ដល់អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ចលនាទេសចរណ៍ផ្ទៃក្នុង គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្ដារវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និងបានផ្តល់ឱកាសឱ្យប្រជាជនបានស្គាល់ស្រុកទេស និងចូលរួមអភិរក្សធនធានធម្មជាតិផងដែរ។
សម្ដេចបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ វិស័យឯកជន សហគមន៍ ប្រជាជនមូលដ្ឋាន ត្រូវរួមគ្នាជំរុញនិងទាក់ទាញចលនាទេសចរណ៍ផ្ទៃក្នុងនេះឱ្យបានផុសផុលថែមទៀត ដើម្បីជួយស្ដារវិស័យទេសចរណ៍ផ្នៃក្នុងនេះឱ្យឈានទៅមុខ។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ត្រូវជំរុញទាក់ទាញចលនាទេសចរផ្ទៃក្នុង ពីព្រោះទេសចរផ្ទៃក្នុងបានរួមចំណែកយ៉ាងធំក្នុងដំណាក់កាលកូវីដ ដែលបានជួយស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្នុងពេលដែលយើងអនុវត្តវិធានការរស់នៅតាមគន្លងប្រក្រតីភាពថ្មី»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុងជាការរួមចំណែកមួយដ៏ធំក្នុងការអភិរក្សធនធានព្រៃឈើ សត្វព្រៃនៅកម្ពុជា។ ទេសចរណ៍សហគមន៍នៅឯមូលដ្ឋានក៏កំពុងផ្ដល់នូវផលប្រយោជន៍យ៉ាងធំសម្រាប់ការដើរកម្សាន្តរបស់ប្រជាជន ហើយលើកទឹកចិត្តឱ្យប្រជាជនចូលរួមរក្សាព្រៃឈើ អភិរក្សសត្វព្រៃ ដោយពួកគាត់មិនបន្តការបរបាញ់ ឬកាប់ឈើតទៅទៀត ក៏ប៉ុន្តែពួកគាត់ទទួលបានផលចំណេញពីវិស័យទេសចរណ៍។
តែទោះយ៉ាងណា ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ក៏ត្រូវចូលរួមកសាងហេដ្ឋារចនាសម្ពន្ធគាំទ្រដល់វិស័យទេសចរណ៍ផ្ទៃក្នុងរបស់កម្ពុជាឱ្យរីកចម្រើនផងដែរ រួមមាន ការកសាងផ្លូវចូលទៅកាន់តំបន់ទេសចរណ៍ថ្មីៗ ការរៀបចំឱ្យមានបណ្ដាញទឹកស្អាត អគ្គិសនី និងសេវាទូរស័ព្ទជាដើម។ នេះបើតាមការសង្កត់ធ្ងន់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
មិនតែប៉ុណ្ណោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ឱ្យបន្តជំរុញយុទ្ធនាការ «ទស្សនាស្រុកយើង៖ ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» ឱ្យមានប្រសិទ្ធភាពខ្ពស់។
បច្ចុប្បន្ន កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាមធ្យមប្រមាណ៣០ម៉ឺននាក់ ដែលក្នុងនោះបានធ្វើឱ្យប្រជាជនកម្ពុជាមានឱកាសបានស្គាល់ទឹកដី ជាជាងទៅស្គាល់នៅប្រទេសក្រៅ៕