(កម្ពុជា)៖ រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំមួយអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ ក្នុងទិសដៅបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ចក្នុង វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។
នៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ចេញផ្សាយកាលពីថ្ងៃទី ១៥ កក្កដាបានឱ្យដឹងថា រាជរដ្ឋាភិបាលសហការជាមួយវិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ ដូចខាងក្រោម ៖
ទី១.បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះ សណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២២ ។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធ អនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ ។ ទី២. បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ ២០២២ សម្រាប់វិស័យទេសចរណ៍ និង ទី៣.ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ ។
ទន្ទឹមនឹងការដាក់ចេញវិធានការបន្ថែមនេះ រាជរដ្ឋាភិបាលក៏នឹងបន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែម ដើម្បីស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅកំណើនសក្តានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នកម្ម ក្រោមក្របខ័ណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លង ប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣៕