ស្ពានកំពង់ក្តី ឬស្ពានប្រាប់ទិស គឺជាស្ពានបុរាណមួយដែលវែងជាងគេនៅកម្ពុជា ក្នុងសម័យអង្គរ។ ស្ពានកំពង់ក្តី (អ្នកខ្លះហៅថា៖ ស្ពានប្រាប់ទិស ឬស្ពាននាគ) ជាស្ពានចំណាស់មួយដែលកសាងឡើងក្នុងកំឡុងសម័យអង្គរ។ ស្ពានកំពង់ក្តីមានទីតាំងស្ថិតនៅក្បែរផ្សារកំពង់ក្តី ក្នុងនៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សព្វថ្ងែស្ពាននេះហាក់ដូចជាគ្មានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរប៉ុន្មានឡើយ។ ស្ពាននេះកសាងដើម្បីឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងទៅខេត្តផ្សេងទៀតដែលនៅប៉ែកខាងកើតនៃប្រទេស។ ដោយសាងសង់កាត់ស្ទឹងជីក្រែង វាមានរាងដូចជានាគរាជកំពុងលូនក្រាបដើម្បីឲ្យអ្នកដំណើរឆ្លងកាត់ពីលើ តាមបណ្តោយផ្លូវជាតិលេខ៦។ សព្វថ្ងៃស្ពាននាគនេះត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី សម្រាប់ការឆ្លងកាត់ដោយទុកឲ្យស្ពានប្រាប់ទិសនេះនៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ស្ពានប្រាប់ទិសមានទីតាំងនៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តី ប្រហែល៥០ម ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រជាជនដែលរស់នៅក្បែរស្ពានបុរាណមួយនេះភាគច្រើនជាកសិករ និងជាអាជីវករលក់ដូរនៅផ្សារកំពង់ក្តី។ ប្រជាជនតិចតួចប៉ុណ្ណោះដែលរកកម្រៃពីការលក់ដូរ និងផ្ដល់សេវាកម្មដល់ភ្ញៀវដែលទៅទស្សនាស្ពានបុរាណនេះ ព្រោះពុំសូវមានទេសចរទៅទស្សនាស្ពាននេះដោយសារតែវាមានទីតាំងឆ្ងាយពីទីរួមខេត្ត ដែលនំាឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់ភ្ញៀវ ជាពិសេសភ្ញៀវអន្តរជាតិ។
ស្ពានប្រាប់ទិសកំពង់ក្តីជាស្ពានបុរាណដែលវែងជាងគេនៅប្រទេសកម្ពុជាក្នុងសម័យអង្គរ។ វាត្រូវបានកសាងឡើងក្នុងសតវត្សទី១២នៃគ្រិស្តសករាជ (១១៨១-១២២០) ដើម្បីធ្វើការឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងខេត្តដែលនៅប៉ែកខាងកើតនៃប្រទេស ដោយសាងសងឆ្លងកាត់ស្ទឹងជីក្រែង។ ស្ពាននេះមានប្រវែង៧៥ម និងមានកំពស់ ១៤ម (បណ្តោយ៨៦ម ទទឹង១៦ម កំពស់១០មពីបាតស្ទឹង រន្ធត្រដេវចំនួន២១ និងសសរចំនួន២០)។ ថ្មដែលគេយកមកកសាងគឺគេប្រើថ្មបាយក្រៀម។ សំណង់នេះបានបង្ហាញពីស្ថាបត្យកម្មដ៏អច្ឆរិយៈរបស់កម្ពុជា សម័យអង្គរ វាជាគំរូដ៏ល្អសំរាប់សំណង់ និងវិស្វករសម័យបច្ចុប្បន្ន និងអនាគត។
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២