(ហាណូយ)៖ ប្រទេសអាល្លឺម៉ង់បានចេញការព្រមានចំពោះផលិតផលមីកញ្ចប់ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួនដែលមានសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។
កាសែត VN Express បានរាយការណ៍ថា អាជ្ញាធរអនាម័យ និងភូតគាមអនាម័យ និងស៊ើបអង្កេតវៀតណាម (SPS) ស្ថិតក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ខ្លួនបានទទួលការព្រមានពីសហភាពអឺរ៉ុប ទាក់ទងនឹងផលិតផលមីកញ្ចប់មួយចំនួនដែលនាំចេញដោយក្រុមហ៊ុនវៀតណាមនាំចេញ។
ប្រទេសអាឡឺម៉ង់បានចេញការព្រមានអំពីផលិតផលមីកញ្ចប់ដែលមានរសជាតិសាច់មាន់ដែលផលិតដោយក្រុមហ៊ុន Asiafoods Corporation ដោយសារមានផ្ទុកកម្រិតអេទីឡែនអុកស៊ីតខ្ពស់ជាងស្តង់ដារសហភាពអឺរ៉ុប។ ទន្ទឹមនឹងនោះ ប្រទេសម៉ាល់តាបានចេញការព្រមានចំពោះផលិតផលហ្វឺដែលផលិតដោយក្រុមហ៊ុន Nguyen Gia ដោយសារក្រុមហ៊ុននេះប្រើប្រាស់អង្ករដែលកែប្រែហ្សែន (genetically modified rice) សម្រាប់ផលិតផលរបស់ខ្លួនផងដែរ។
កាសែត VN Express បានរាយការណ៍ដោយដកស្រង់សំដីអ្នកតំណាងរបស់នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមថា នាយកដ្ឋានរបស់លោកកំពុងផ្ទៀងផ្ទាត់បាច់ (batch) មីកញ្ចប់ដែលរងការព្រមាននៅក្នុងប្រទេសអាល្លឺម៉ង់នេះ។ អ្នកតំណាងរូបនេះបាននិយាយថា បាច់ទាំងនេះអាចត្រូវបាននាំចេញតាំងពីឆ្នាំមុន នៅពេលដែលមិនទាន់មានការដាក់កម្រិតស្តង់ដារលើអេទីឡែនអុកស៊ីតនៅពេលនាំចេញ។
ចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈ សហភាពអឺរ៉ុបបានដាក់ចេញលក្ខខណ្ឌតម្រូវឱ្យមានវិញ្ញាបនបត្រសម្រាប់បាច់មីកញ្ចប់ដែលនាំចូលទៅក្នុងតំបន់នេះ។ បាច់មីកញ្ចប់ទាំងនេះនឹងត្រូវបានត្រួតពិនិត្យរកមើលកម្រិតសារធាតុអេទីឡែនអុកស៊ីតបន្ទាប់នាំចេញ ហើយរហូតមកដល់ពេលនេះមិនមានបាច់មីកញ្ចប់ណាមួយត្រូវបានប្រគល់មកវិញទេ។
អ្នកតំណាងដដែលនេះបានឱ្យដឹងទៀតថា ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា កម្រិតអេទីឡែនអុកស៊ីដនៅក្នុងផលិតផលមីកញ្ចប់លើសពីស្តង់ដារអតិបរមាដែលត្រូវបានអនុញ្ញាតពី ២ ទៅ ៣ដង។ កម្រិតកំណត់អេទីឡែនអុកស៊ីដបច្ចុប្បន្នតាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុបគឺ ០,០១មីលីក្រាមប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
កាសែត VN Express បានរាយការណ៍ទៀតថា នៅពេលអនាគត នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងយកសំណាកផលិតផលមីកញ្ចប់ពីទីផ្សារវៀតណាម ដើម្បីវាយតម្លៃវត្តមានរបស់សារធាតុអេទីឡែនអុកស៊ីដ និងបង្កើតស្តង់ដារកម្រិតកំណត់សម្រាប់សារធាតុនេះ។
កាលពីខែសីហា ឆ្នាំមុន ផលិតផលមីកញ្ចប់ជាច្រើនមុខដែលផលិតដោយក្រុមហ៊ុនវៀតណាមផ្សងៗក៏ត្រូវបានប្រមូលយកមកពីទីផ្សារវិញដោយសហភាពអឺរ៉ុបផងដែរ ដោយសារមានកម្រិតអេទីឡែន អុកស៊ីតខ្ពស់។ អេទីឡែនអុកស៊ីតគឺជាសារធាតុសរីរាង្គដែលរួមផ្សំសារធាតុផ្សេងៗបញ្ចូលគ្នា រួមទាំងថ្នាំសម្លាប់មេ៕