ប្រេស៊ីល៖ ប្រទេសប្រេស៊ីល និងអេស្ប៉ាញបានរាយការណ៍ពីករណីស្លាប់ ដោយជំងឺអុតស្វាជាលើកដំបូង។ បុរសអាយុ 41ឆ្នាំម្នាក់នៅក្នុងប្រទេសប្រេស៊ីល បានក្លាយជាអ្នកស្លាប់ដំបូងគេដោយសារវីរុសនេះនៅខាងក្រៅទ្វីបអាហ្វ្រិក។
កាលពីសប្តាហ៍មុនអង្គការសុខភាពពិភពលោក (WHO) បានប្រកាសការផ្ទុះឡើងជំងឺអុតស្វាថា ជាភាពអាសន្នសុខភាពសកល។ ប៉ុន្តែជាធម្មតាករណីឆ្លងមានស្ថានភាពស្រាល ហើយហានិភ័យចំពោះប្រជាជនទូទៅមានកម្រិតទាប។ រហូតមកដល់ពេលនេះប្រទេសប្រេស៊ីល បានរាយការណ៍ករណីដែលបានបញ្ជាក់ចំនួន 1,066ករណី និងករណីសង្ស័យចំនួន 513ករណី។ ទិន្នន័យពីក្រសួងសុខាភិបាលប្រេស៊ីលបង្ហាញថា ជាង 98% នៃករណីដែលបានបញ្ជាក់គឺកើតឡើងចំពោះបុរសរួមភេទជាមួយបុរស។ ក្រោយមកក្រសួងសុខាភិបាលអេស្ប៉ាញ បានបញ្ជាក់ពីករណីស្លាប់ដំបូងនៅអឺរ៉ុបដោយសារវីរុសនេះ។ នៅក្នុងរបាយការណ៍ក្រសួងបាននិយាយថា ក្នុងចំណោមអ្នកជំងឺអុតស្វា 3,750នាក់ដែលព័ត៌មានទទួលបានមាន 120នាក់ ឬ 3.2% ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយម្នាក់បានស្លាប់។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបានឲ្យដឹងថា មានករណីជំងឺអុតស្វាចំនួន 21.148ករណីនៅទូទាំងពិភពលោក។
វីរុសជំងឺអុតស្វាគឺជាសមាជិកនៃក្រុមវីរុសដូចគ្នាទៅនឹងជំងឺអុតស្វាយ ឬអុតធំដែរ ទោះបីជាវាមិនធ្ងន់ធ្ងរក៏ដោយ ហើយអ្នកជំនាញនិយាយថា ឱកាសនៃការឆ្លងមានកម្រិតទាប។ កាលពីសប្ដាហ៍មុន អគ្គនាយកអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា ការប្រកាសការផ្ទុះឡើងនៃភាពអាសន្នសុខភាពសកលនឹងជួយពន្លឿនការផលិតវ៉ាក់សាំង និងការអនុវត្តវិធានការដើម្បីកំណត់ការរាលដាលវីរុស។
លោកវេជ្ជបណ្ឌិត Tedros និយាយថា ហានិភ័យនៃជំងឺអុតស្វាមានកម្រិតមធ្យមនៅទូទាំងពិភពលោក ប៉ុន្តែមានកម្រិតខ្ពស់នៅអឺរ៉ុប។ នេះគឺជាការផ្ទុះឡើងដែលអាចបញ្ឈប់បានដោយមានយុទ្ធសាស្ត្រត្រឹមត្រូវ។ អង្គការសុខភាពពិភពលោកកំពុងចេញការណែនាំដែលសង្ឃឹមថា នឹងជំរុញឱ្យប្រទេសនានាចាត់វិធានការដើម្បីបញ្ឈប់ការចម្លងវីរុស និងការពារអ្នកដែលប្រឈមនឹងហានិភ័យបំផុត៕