រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ ពីថ្ងៃទី ៣០ខែ កក្កដា ដល់ថ្ងៃទី ០៥ ខែសីហា។
ជាកិច្ចចាប់ផ្តើម សម្តេចអគ្គមហាសេនាបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
ក្នុងសុន្ទរកថា បើកកិច្ចប្រជុំ សម្តេចបានលើកឡើងពីលទ្ធផលវិជ្ជមានក្នុងដំណើរនៃការរីកចម្រើន និងអភិវឌ្ឍន៍តំបន់អាស៊ាន «ខ្ញុំមិនអាចបរិយាយឲ្យអស់សេចក្តីបានទេ អំពីដំណើរដ៏វែងឆ្ងាយដែលយើងបានដើរឆ្លងកាត់រហូតមកដល់បច្ចុប្បន្ននេះ។ កន្លងទៅអាស៊ាន ធ្លាប់ជាតំបន់មួយដែលត្រូវកប្រឈមនឹងបញ្ហាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។ បច្ចុប្បន្ននេះ, អាស៊ានបានក្លាយជាតំបន់មួយដែលរីកចម្រើន ដោយយើងបានរួមដៃគ្នាប្រែក្លាយភាពមន្ទិលសង្ស័យ ឲ្យទៅជាការជឿទុកចិត្តគ្នា និងផ្លាស់ប្តូរអរិភាព ក៏ដូចជាការប្រឈមមុខដាក់គ្នាឲ្យទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។»
សម្តេចក៏បានលើកពីបញ្ហាប្រឈមនានា ដែលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើតំបន់ និងពិភពលោកទាំងមូល ដូចជា ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ១៩, ការប្រកួតប្រជែងរវាងមហាអំណាច, បញ្ហាភូមិសាស្ត្រនយោបាយ, សន្តិសុខបែបប្រពៃណី និងមិនប្រពៃណី, វិបត្តិនយោបាយរបស់ប្រទេសជាសមាជិក, ហើយកាន់តែធ្ងន់ធ្ងរនោះគឺ វិបត្តិសន្តិសុខស្បៀង និងថាមពល ព្រមជាមួយគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
ឆ្លើយតបនឹងបញ្ហាប្រឈមដែលបានលើកឡើង សម្តេចបានបន្តថា «យើងត្រូវកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំងស្មារតីនៃ “ការរួបរួមគ្នា” ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។» សម្តេចបានបញ្ជាក់បន្ថែមថា «កម្ពុជា សូមសង្កត់ធ្ងន់ពីគោលជំហររបស់ខ្លួនក្នុង “ឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ” មិនមែន “ឯកភាពដើម្បីប្រឈមមុខដាក់គ្នា” នោះទេ។ យើងត្រូវព្យាយាមផ្តោតលើបញ្ហា ដែលបង្រួបបង្រួមយើងទាំងអស់គ្នា ជាជាងផ្តោលើបញ្ហាដែលនាំឲ្យយើងបែកបាក់គ្នា។ យើងត្រូវតែផ្តល់អាទិភាពដល់សនិ្តភាព ខ្ពស់ជាងអ្វីទាំងអស់។ »
ទោះយ៉ាងណាសម្តេចក៏បានបង្ហាញនូវការយល់ស្រប និងទទួលស្គាល់ចំពោះភាពមិនល្អឥតខ្ចោះ និងការខុសប្លែកគ្នារៀងៗខ្លួនក្នុងចំណោមប្រទេសជាសមាជិក។ បានន័យថា ទោះមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ ក៏អាស៊ាននៅតែសម្រេចបានគោលដៅកំពូលគឺ «ឯកភាពក្នុងភាពចម្រុះ» នៅក្នុងតំបន់មួយដែលសម្បូរទៅដោយភាពចម្រុះនៃវប្បធម៌, សេដ្ឋកិច្ច និងនយោបាយ។
បន្ថែមលើការបង្ហាញពីខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក សម្តេចក៏បានលើកបន្តពីសមិទ្ធផលនានាដែលអាស៊ានបានសម្រេចក្នុងឆ្នាំកន្លងមកដូចជា ៖ ការដាក់ចូលជាធរមាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា អាសិប-RCEP, ខួបទី ២០ នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC), បញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង COC , វឌ្ឍនភាពយ៉ាងល្អនូវដំណើរការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ...ជាដើម -ល-។