Alynana Media Cambodia
Icon Collap
clinic narit

សម្តេច ហ៊ុន សែន ស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ លើចំណុចសំខាន់ទាំងនេះ

Admin Alynana | Aug 03, 2022
សម្តេច ហ៊ុន សែន ស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ លើចំណុចសំខាន់ទាំងនេះ
Clinic narith

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស​អាស៊ាន លើកទី ៥៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកមិញនេះដែរ សម្តេចក៏បាន លើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមមួយចំនួន ដែលសូមស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ។

ទីមួយគឺ ការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិតនៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន ដែលអាចហៅថា កិច្ចការព្រមព្រៀងបៃតងអាស៊ាន ASEAN Green Deal សំដៅអនុញ្ញាតឲ្យតំបន់របស់យើងអាចប្រែខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព, ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព, ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។

សម្តេចបានបញ្ជាក់ថា «កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, កម្មន្តសាល, ការប្រើប្រាស់, កសិកម្ម, ការដឹកជញ្ជូន, បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា, នវានុវត្តន៍ និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញបំពេញតួនាទីជាកត្តាជំរុញ»។

គំនិតផ្តួចផ្តើមទី ២ គឺពាក់ព័ន្ធនឹងវិធានការដើម្បីស្តារ​ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ គួររំលឹកដែរថា អាស៊ានបានឯកភាពអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធីនានា ក្រោមយុទ្ធសាស្ត្រធំទាំង ៤ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ ស្របតាមយុទ្ធសាស្ត្រធំទី ៣ ដែលសំដៅបង្កើនជាអតិបរមានូវសក្តានុពលនៃទីផ្សារអន្តរអាស៊ាន និងសមហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន។ សម្តេចបង្ហាញនូវយន្តការដូចតទៅនេះ  «ខ្ញុំជឿថា យើងត្រូវការជាចាំបាច់នូវលេខាធិការដ្ឋានដាច់ដោយឡែកមួយឲ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយបស្រិទ្ធភាព​ នូវកិច្ចព្រមព្រៀងអាសិប (RCEPដែលបានចូលជាធរមានកាលពីខែមករាកន្លងទៅនេះ»។

សម្តេចក៏បានបង្ហាញពីជំហរក្នុងការចូលរួមគាំទ្រឲ្យបានសម្រេចនូវយន្តការខាងលើនេះ ដោយលើកឡើងថា កម្ពុជាត្រៀមខ្លួនជាស្រេច​ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋានអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេចសម្រាប់លេខាធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ តែម្តង។ ហើយកម្ពុជា បាន និងកំពុងរៀបចំគម្រោងសំណើលម្អិត ដើម្បីត្រៀមដាក់ជូនប្រទេសជាសមាជិកទាំងអស់ពិនិត្យ និងពិភាក្សា។ កម្ពុជាសង្ឃឹមថា​នឹងអាចទទួលបានការគាំទ្រពីប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងនេះ ដើម្បីអាចចាប់ផ្តើមដំណើរការអនុវត្តកិច្ចការដ៏មានអត្ថន័យ និងសារប្រយោជន៍នេះ។ 

មុននឹងបញ្ចប់សុន្ទរកថា សម្តេចបានសម្តែងការកោតសរសើរ លើកទឹកចិត្ត ដោយស្មោះត្រង់ចំពោះថ្នាក់ដឹកនាំគ្រប់រូបដែលមានវត្តមានក្នុងកិច្ចប្រជុំ ហើយក៏បានបង្ហាញបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទាំងអស់ក្នុងអំឡុងពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជានាសប្តាហ៍នេះ៕