យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២បានលើកឡើងថានៅចន្លោះថ្ងៃទី១០-១៣ ខែសីហា កម្ពុជាទទួល រងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ , ឡាវ , វៀតណាម រួមជាមួយនិងឥទ្ធិពលព្យុះទី៧ ឈ្មោះមូឡេន ( MULAN ) ដែរមានដំណើរឆ្ពោះទៅភាគខាងជើងនៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ។ នៅអំឡុងពេលនោះដែរខ្យល់មូសុងនិរតី បន្តបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ។បន្ទាប់ពីនោះកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។
ក្រសួងធនធានទឹកបានលើកឡើងស្ថានភាពបែបនេះធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៣ដល់៣៥អង្សាសេ។នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមក្នុង នោះអាចភ្លៀងបង្គួរដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
ដោយឡែងតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាមានពី ២៣-២៥អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ។
ជាមួយគ្នាដែរក្រសួងក៏បានលើកឡើងថា នៅចន្លោះថ្ងៃទី១០-១២ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឱ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ នៅលើផ្ទៃសមុទ្រអាច មានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ៗ ។ បន្ទាប់ពីនោះភ្លៀងនឹងថមថយមកក្នុងកម្រិតពីតិចទៅមធ្យម៕