រុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោងដាក់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប ដោយធ្វើឱ្យមានការភ័យខ្លាចចំពោះគ្រោះមហន្តរាយ ខណៈដែលប្រមុខអង្គការសហប្រជាជាតិបាននិយាយថា គួរតែបង្កើតតំបន់គ្មានយោធា ហើយ អ៊ុយក្រែន ទាមទារឱ្យកងទ័ពរុស្ស៊ី ដកថយពីរោងចក្រថាមពេលនុយក្លេអ៊ែរនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែសីហា នេះ។
ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ Energoatom របស់អ៊ុយក្រែន បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្សីយ៉ា (Zaporizhzhia)នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានវាយប្រហារចំនួនប្រាំដង កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងនៅជិតកន្លែងដែលផ្ទុកសារធាតុវិទ្យុសកម្ម។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ក្រុមមន្ត្រីរបស់រុស្ស៊ីបាននិយាយថា អ៊ុយក្រែន បានបាញ់ផ្លោងទៅលើរោងចក្រនេះពីរដង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីស្ថានភាពនេះ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតធឺរ៉េស (Antonio Guterres) បានអំពាវនាវឱ្យភាគីទាំងសងខាងបញ្ឈប់ការប្រយុទ្ធគ្នានៅជិតរោងចក្រ។
លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «រោងចក្រនេះមិនត្រូវប្រើជាផ្នែកនៃប្រតិបត្តិការយោធាណាមួយឡើយ តែត្រូវមានកិច្ចព្រមព្រៀងជាបន្ទាន់ក្នុងការបង្កើតតំបន់គ្មានយោធា ដើម្បីធានាសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរនេះ»។
រុស្សី បានដណ្តើមកាន់កាប់ទីក្រុង ដែលមានរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្សីយ៉ា (Zaporizhzhia) កាលពីខែមីនា បន្ទាប់ពីបានឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ រោងចក្រនេះមានទីតាំងស្ថិតនៅជិតតំបន់ប្រយុទ្ធជួរមុខ ត្រូវបានកាន់កាប់ដោយទាហានរុស្ស៊ី និងដំណើរការដោយកម្មករអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក បានគាំទ្រចំពោះការអំពាវនាវឱ្យបង្កើតតំបន់គ្មានយោធា និងបានជំរុញឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទៅពិនិត្យមើលទីតាំងរោងចក្រនេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី នេបេនហ្សៃ (VassilyNebenzia) បាននិយាយថា៖ «ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះនៃមហន្តរាយនុយក្លេអ៊ែរ ប្រៀបដូចនឹងរោងចក្រថាមពលនុយក្លេអ៊ែរឆើណូប៊ីល(Chernobyl)»។
លោកបន្ថែមថា៖ «មន្ត្រី IAEA គួរតែទៅមើលរោងចក្រនេះឱ្យបានឆាប់ក្នុងអំឡុងខែនេះ»។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានទាមទារឱ្យ រុស្ស៊ី ប្រគល់រោងចក្រនេះមកឱ្យ អ៊ុយក្រែន គ្រប់គ្រងវិញ។
លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងសុន្ទរកតាមវីដេអូថា៖ «មានតែការដកកងទ័ពរុស្ស៊ី ចេញទាំងស្រុងនិងប្រគល់រោងចក្រមកឱ្យ អ៊ុយក្រែន គ្រប់គ្រងវិញប៉ុណ្ណោះ ទើបអាចធានាបាននូវសន្តិសុខនុយក្លេអ៊ែរសម្រាប់អឺរ៉ុបទាំងមូល»។
ប្រទេសបារាំងបានគាំទ្រចំពោះការទាមទាររបស់លោក Zelenskiy ហើយបាននិយាយថា ការកាន់កាប់របស់ រុស្ស៊ី លើទីតាំងរោងចក្រនេះ ធ្វើឱ្យពិភពលោកមានគ្រោះថ្នាក់។
ក្រសួងការបរទេសបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «វត្តមាន និងសកម្មភាពរបស់កងទ័ពរុស្ស៊ី នៅជិតរោងចក្របង្កើនហានិភ័យនៃមហន្តរាយ»។
នៅថ្ងៃសុក្រនេះ អគ្គសេនាធិការអ៊ុយក្រែន បានរាយការណ៍ពីការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសយ៉ាងគំហុកដោយកងទ័ពរុស្ស៊ីទៅលើទីក្រុង និងមូលដ្ឋានយោធា ជាពិសេសនៅភាគខាងកើតអ៊ុយក្រែន៕