ក្រុមហ៊ុនធំៗចំនួនប្រាំដែលជាកម្មសិទ្ធរបស់រដ្ឋាភិបាលចិន រួមមាន ក្រុមហ៊ុននាំមុខខាងផលិតថាមពល និងគីមីសាស្ត្រក្នុងប្រទេសបានសម្រេចចិត្តដកខ្លួនពីទីផ្សារហ៊ុនក្រុងញូយ៉កនាចុងខែសីហានេះ។
នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកពីគ្នាដែលចេញផ្សាញកាលពីថ្ងៃសុក្រដោយមាន ក្រុមហ៊ុនធានារ៉ាប់រងចិន, ប៉េត្រូឆៃណា, ស៊ីណូផេក, សាជីវកម្មអាលុយមីញ៉ូមចិន និងក្រុមហ៊ុនវត្ថុធាតុសំយោគពីប្រង ស៊ីណូផេក សៀងហៃ បាននិយាយថា ពួកគេបានធ្វើការផ្តល់ដំណឹងដល់ទីផ្សារហ៊ុនក្រុងញូយ៉ករួចហើយ ហើយបានដាក់ពាក្យដកខ្លួនដោយស្ម័គ្រចិត្ត។
ក្រុមហ៊ុនទាំងប្រាំនោះបានបញ្ជាក់ថា មូលហេតុដែលពួកគេដើរចេញពីគឺដោយសារតែ អត្រាការទិញ និងលក់ទាប រួមជាមួយការរឹតបណ្តឹងផ្នែករដ្ឋបាល និងការចំណាយថ្លៃដើមផ្សេង។
ទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែតរ៉យទើរ បានលើកឡើងថា ព័ត៌មាននៃការចាកចេញពីផ្សារហ៊ុនក្រុងញូយ៉ករបស់ក្រុមហ៊ុនទាំងប្រាំនេះ បានកើតឡើងក្រោយពេលដែលក្រុមហ៊ុនទាំងប្រាំត្រូវបានកត់សម្គាល់ដោយគណៈកម្មការមូលបត្រ និងភាគហ៊ុនអាមេរិកកាលពីខែឧសភា ដោយសង្កេតឃើញថា ក្រុមហ៊ុនទាំងនេះមិនបានបំពេញតាមមាត្រដ្ឋានសវនកម្មអាមេរិក។
សម្រាប់ក្រុមអ្នកឃ្លាំមើលទីផ្សារមូលបត្រចិនវិញបាន និយាយថា “នេះជារឿងធម្មតាដែលក្រុហ៊ុននីមួយៗមានសិទ្ធចុះបញ្ជី ឬ ដកខ្លួនចេញពីបញ្ជីនៃទីផ្សារណាមួយ”៕