ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៦សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យលោក ករសាក់ ឆៃរ៉ាមីសាក់ (Korsak chairasmisak) ប្រធានគណៈកម្មការប្រតិបត្តិក្រុមហ៊ុនស៊ីភីអល (CPALL) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា លោក ករសាក់បានសាទរ ដែលសម្តេចតេជោបានដឹកនាំកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះលោកករសាក់ដែលបានសម្ដែងការសាទរចំពោះការអភិវឌ្ឍនៅកម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះលោកករសាក់ផងដែរ ដែលបានផ្ដល់អាហារូបករណ៍ជូនដល់កុមារកម្ពុជាបានទៅសិក្សាល្បែងយុទ្ធសាស្ត្រនៅប្រទេសថៃ ហើយក៏បានណែនាំឲ្យលោកករសាក់បន្តពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា។
ពាក់ព័ន្ធនឹងអាហារូបករណ៍ល្បែងយុទ្ធសាស្ត្រនេះ សម្ដេចក៏បានណែនាំឲ្យពិភាក្សាជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន។
ពាក់ព័ន្ធនឹងទិសដៅវិនិយោគ សម្ដេចតេជោក៏បានណែនាំឱ្យ លោក ករសាក់ ឆៃរ៉ាមីសាក់ ពិនិត្យពិចារណាធ្វើការវិនិយោគលើការផលិតក្រដាសនៅកម្ពុជា ព្រោះថាក្រដាសជាសម្ភារៈដែលត្រូវការចាំបាច់ហើយកំពុងតែមានតម្រូវការកើនឡើងជាលំដាប់ និង បានស្នើសុំឱ្យលោកករសាក់ពិនិត្យពិចារណាលើការពិនិត្យបង្កើតរោងចក្រផលិតជី សរីរាង្គព្រោះជាជីមួយនេះអាចប្រើប្រាស់ លើដំណាំដែលមិនប៉ះពាល់ដល់សុខភាព៕