ភ្នំពេញ៖ រាជរដ្ឋាភិបាលបានបញ្ចេញឥណទាន គាំទ្រគម្រោងស្រូវអង្ករនៅកម្ពុជា គិតមកដល់ពេលនេះ មានទំហំទឹកប្រាក់ជាង ៨០ លានដុល្លារអាមេរិក ដោយរាជរដ្ឋាភិបាល នឹងពិចារណាផ្តល់ឥណទានបន្ថែម ដើម្បីជម្រុញផលិតកម្មស្រូវអង្ករ និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិកូវីដ ១៩ នេះ។
ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ នេះថា ចំពោះគម្រោងពិសេសរបស់រាជរដ្ឋាភិបាល ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុវត្តកន្លងមករួមមានគម្រោងគាំទ្រដល់វិស័យស្រូវអង្ករសម្រាប់ការនាំចេញ និងគម្រោងគំាទ្រដល់សហគ្រាសធុនតូច និងធម្យម ដែលពាក់ព័ន្ធវិស័យកសិកម្ម ដែលមានទំហំទឹកប្រាក់សរុប ១០០ លានដុល្លារ។
ឯកឧត្តម បន្តថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុវត្តគម្រោងនេះចាប់តាំងពីឆ្នាំ ២០១៦ ។ មកដល់ពេលនេះ ARDB បានបញ្ចេញថវិកាប្រមាណជា ៨០ លានដុល្លារអាមេរិករួចហើយ គឺការគាំទ្រវិស័យស្រូវអង្ករតែមួយមុខគត់ ។ ចំណែកជំហានបន្តបន្ទាប់ទៀត ឯកឧត្តម រំពឹងថា រាជរដ្ឋាភិបាល នឹងពិចារណាផ្តល់ឥណទានបន្ថែម សម្រាប់គម្រោងទាំងនេះ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច នៅក្រោយពីវិបត្តិជំងឺកូវីដ-១៩ នេះ។
ទាក់ទងគម្រោងគាំទ្រស្រូវអង្ករ,លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលតែងតែគិតគូរនឹងផ្តល់កញ្ចប់ថវិកាពិសេស ដើម្បីគាំទ្រដល់ស្រូវអង្ករកម្ពុជា ជាពិសេសការផ្តល់ឥណទានជាទុនបង្វែល សម្រាប់ការប្រមូលទឹកស្រូវរបស់ម្ចាស់សហគ្រាសរោងម៉ាស៊ីនពីកសិករ, គម្រោងពង្រីករោងម៉ាស៊ីនកិនស្រូវ និងគម្រោងសម្រាប់បង្កើតឡសម្ងួតជាដើម ។
ឯកឧត្តម ចាន់ សីហា បញ្ជាក់ថា គម្រោងផ្តល់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកយ៉ាងខ្លាំង ជាពិសេសក្នុងការរីករាលដាលជម្ងឺកូវីដ ១៩ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងសម្រាប់ស្តុកស្បៀងក្នុងវិបត្តិដែលកំពុងកើតឡើងជាដើម, ជាក់ស្តែងការគាំទ្រសម្រាប់ការនាំចេញស្រូវអង្ករ តាមរយៈការផ្តល់ឥណទានមានការប្រាក់ទាបនេះ គឺជាការចូលរួមចំណែកកាត់នូវបន្ថយថ្លៃដើមដល់ម្ចាស់អាជីវកម្មជាច្រើនផងដែរ៕