(ភ្នំពេញ)៖ កម្ពុជានាំចេញផលនេសាទស្រស់ និងកែច្នៃសម្រេចបានចំនួនជិត ២ ពាន់តោនក្នុងរយៈពេល ៧ ខែឆ្នាំ ២០២២ នេះមានការថយចុះជាង ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២។
យោងតាមរបាយការណ៍ពីរដ្ឋបាលជលផលបានបង្ហាញថាផលនេសាទទឹកសាបនៅរដូវវស្សាចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ ២០២២ នេះអនុវត្តបានចំនួន ២៤ ៥០០ តោនថយចុះប្រមាណ ៧ ៤១០ តោន ខណៈផលនេសាទសមុទ្រវិញមានចំនួន ៦ ៨៦០ តោនថយចុះចំនួន ១០០ តោន។ នៅក្នុងនោះដែរការនាំចេញផលនេសាទស្រស់មានចំនួន ១៩៣៣ តោនថយចុះ ៣២៦ តោន និងផលនេសាទកែច្នៃនាំចេញចំនួន ៤១ តោន។
លោកហាវវិសិដ្ឋអនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាការនាំចេញផលនេសាទរបស់កម្ពុជាភាគច្រើនគឺជាត្រីធម្មជាតិហើយការនាំចេញផលនេសាទកែច្នៃទៅជាត្រីងៀតត្រីឆ្អើរប្រហុកផ្អកជាដើម ដែលត្រូវបាននាំចេញទៅកាន់អាមេរិកនិងបណ្តាប្រទេសមួយចំនួន ដែលមានប្រជាជនខ្មែររស់នៅដោយការនាំចេញនេះនៅមានលក្ខណៈតិចនៅឡើយ។
លោកបានបន្ថែមថា ការនាំចេញផលិតផលនេសាទដែលកែច្នៃរួចនៅមានបញ្ហាប្រឈមខ្លះ ដោយសារតែកម្ពុជានៅមានភាពខ្វះខាតអ្នកជំនាញបច្ចេកទេសក្នុងការច្នៃត្រីសម្រាប់នាំចេញនេះ ដែលទាមទារឱ្យក្រុមហ៊ុននានា ដែលមានបំណងកែច្នៃត្រីនាំចេញទៅក្រៅត្រូវតែបណ្តុះបណ្តាលអ្នកជំនាញផ្នែកនេះបន្ថែមទៀតទើបអាចជំរុញការងារនេះទៅបានដោយរលូន។
លោកបានបញ្ជាក់ថា៖ «រដ្ឋបាលជលផលនៃក្រសួងកសិកម្មបានខិតចំចរចាបើកច្រកឱ្យវិស័យឯកជន ដើម្បីអាចនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេសបាន ប៉ុន្តែក្រុមហ៊ុនឯកជនក៏ត្រូវចូលរួមឱ្យបានសស្រាកសស្រាំលើការងារនេះដែរទើបការនាំចេញអាចជោគជ័យទៅបាន។ ដូច្នេះការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមគី ពិតជាចាំបាច់ណាស់»។
លោកចៅសួស្តីអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រីទីឡាប់យ៉ា Cambodia Fresh Farm ដែលមានគម្រោងនាំចេញត្រីទីឡាប់យ៉ាកែច្នៃចេញទៅជប៉ុននៅចុងឆ្នាំនេះបានឱ្យដឹងដែរថាទីផ្សារត្រីកែច្នៃមានតម្រូវការច្រើន ប៉ុន្តែអ្នកកែច្នៃមិនទាន់សម្បូរបែបនៅឡើយ ដោយសារតែកែច្នៃភាគច្រើនមានការព្រួយបារម្ភរឿងទីផ្សារ និងត្រូវការចំណាយដើមទុនច្រើន»។
លោកបានបញ្ជាក់ថា៖ «ការនាំចេញផលិតផលត្រីកែច្នៃទៅក្រៅប្រទេសគឺមានស្តង់ដាគុណភាពតែមួយទេ ប៉ុន្តែស្តង់ដារសជាតិខុសគ្នា ដែលទាមទារឱ្យអ្នកកែច្នៃសិក្សាពីព័ត៌មានទីផ្សារឱ្យបានច្បាស់លាស់»។
ចំពោះគម្រោងកែច្នៃត្រីទីឡាប់យ៉ាទៅជប៉ុនវិញត្រូវបានលោកចៅសួស្តីបញ្ជាក់ថាមានភាពរអាក់រអួលបន្តិចដោយសារអង្គការ UNIDO តម្រូវឱ្យកសិដ្ឋានកែលម្អឡើងវិញតិចតួចនូវរោងចក្រ ដែលកែច្នៃ ដែលបានសាងសង់រួច ដែលរំពឹងអាចនឹងរួចរាល់នៅក្នុងរយៈពេល ១ ខែទៀត៕