Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យសមាជិកមជ្ឈិមបក្ស សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

Media LNN | Aug 22, 2022
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យសមាជិកមជ្ឈិមបក្ស សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
Clinic narith

 

នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

ឯកឧត្តម ឡេ ហាយជុង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស, ឯកឧត្តមប្រមុខរដ្ឋ, ឯកឧត្តមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវៀតណាម ជូនសម្ដេចតេជោ ហើយឯកឧត្តម បានសូមគោរពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលកម្ពុជាទទួលបាននូវការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច-សង្គម ក៏ដូចជាតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ឯកឧត្តម ឡេ ហាយជុង ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោ ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន ធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទាំងតាមយន្តការទ្វេភាគី និងតាមយន្តការពហុភាគី ក្នុងនោះដែរ ឯកឧត្តម ក៏បានសម្ដែងនូវការគាំទ្រកម្ពុជា ដែលកំពុងតែធ្វើជាប្រធានអាស៊ាន ឲ្យទទួលបានជោគជ័យបន្តទៀត ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឡេ ហាយជុង ក៏បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ហើយបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ នឹងបើកកិច្ចប្រជុំដោយផ្ទាល់របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យកន្លងមក ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឡេ ហាយជុង ក៏បានគោរពសំដែងនូវការគាំទ្រនូវសេចក្ដីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញកន្លងមកផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ឡេ ហាយជុង ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស ឯកឧត្តមប្រមុខរដ្ឋ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្ដែងនូវអំណរគុណផងដែរ ជូនចំពោះការគាំទ្រកម្ពុជា ដែលកំពុងតែធ្វើជាប្រធានអាស៊ាន នឹងសេចក្ដីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញកន្លងមក។

សម្តេចតេជោ បានឯកភាពចំពោះការវាយតម្លៃនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចតេជោ បានមានប្រសាសន៍ថា ទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនងនយោបាយ ក្នុងន័យនេះ ឈរលើមូលដ្ឋានដែលមានស្រាប់គប្បីណាជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីតសង្គ្រាម តំបន់ព្រំដែន ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះរដ្ឋាភិបាលវៀតណាម គណបក្សកុម្មុយនីស្តវៀតណាម ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕