Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសជប៉ុនគ្រោងនឹងស្នើឡើងនូវកញ្ចប់ថវិកាប្រហែលជិត២០០ពាន់លានដុល្លារសម្រាប់សេវាបំណុលសារពើពន្ធឆ្នាំ២០២៣

Admin Alynana | Aug 24, 2022
ប្រទេសជប៉ុនគ្រោងនឹងស្នើឡើងនូវកញ្ចប់ថវិកាប្រហែលជិត២០០ពាន់លានដុល្លារសម្រាប់សេវាបំណុលសារពើពន្ធឆ្នាំ២០២៣
Clinic narith

(ជប៉ុន)៖ កាសែតជប៉ុន Yomiuri បានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនគ្រោងនឹងស្នើឡើងនូវកញ្ចប់ថវិកាប្រហែលជិត២០០ពាន់លានដុល្លារសម្រាប់សេវាបំណុលនៅក្នុងឆ្នាំសារពើពន្ធដែលចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ ដែលកញ្ចប់ថវិកានេះ គឺមានការកើនឡើងជិត១១% នៃកញ្ចប់ថវិកាសម្រាប់សេវាបំណុលលើកដំបូងសម្រាប់ឆ្នាំសារពើពន្ធ២០២២នេះ។ តើអ្វីទៅជាសេវាបំណុល? សេវាបំណុល គឺសំដៅដល់តម្រូវការថវិកាដើម្បីចំណាយទៅលើការទូទាត់សងប្រាក់ដើម និងការប្រាក់ចំពោះបំណុលដែលរដ្ឋាភិបាលជំពាក់ សម្រាប់រយៈពេលជាក់លាក់ណាមួយ។
jezael-melgoza-To5wAJDt1IM-unsplash

ការកើនឡើងនូវការចំណាយលើសេវាទូទាត់សងបំណុលជាតិ ឬការទូទាត់សងការប្រាក់ និងការបង់រំលោះបំណុលបានគូសបញ្ជាក់ពីបន្ទុកបំណុលសាធារណៈដ៏ធ្ងន់បំផុតនៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទី៣ក្នុងពិភពលោក ហើយបន្ទុកបំណុលទាំងអស់នេះ គឺមានលើសដល់ទៅ ២ ដងនៃទំហំសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនទៅទៀត។

ការចំណាយលើសេវាបំណុល ឬការទូទាត់សង់ការប្រាក់ដើម និងការប្រាក់ទៅកាន់ម្ចាស់បំណុល គឺមានដល់ទៅ ២០%នៃការចំណាយថវិកាប្រចាំឆ្នាំរបស់ប្រទេសជប៉ុនដែលធ្វើឱ្យវាក្លាយជាការចំណាយធំបំផុតទី២បន្ទាប់ពីការចំណាយលើសន្តិសុខសង្គម ដែលចេះតែកើនឡើងនោះ។ផ្អែកលើគោលការណ៍ថវិការបស់រាជរដ្ឋាភិបាលជប៉ុន គ្រប់ក្រសួងទាំងអស់នៅប្រទេសនេះនឹងដាក់សំណើសុំថវិការបស់ពួកគេនៅចុងខែនេះ សម្រាប់ការចរចាឆ្ពោះទៅរកសេចក្តីព្រាងការចងក្រងច្បាប់ថវិកានៅចុងខែធ្នូឆ្នាំ២០២២។

អ្នកវិភាគមួយចំនួនបាននិយាយថា គម្រោងថវិកានេះ មិនបានកំណត់ពិដានតឹងរ៉ឹងលើសំណើសុំថវិកាសរុបសម្រាប់រយៈពេល ១០ ឆ្នាំជាប់ៗគ្នានោះទេ ដោយបានបើកផ្លូវសម្រាប់ថវិកាសារពើពន្ធឆ្នាំ២០២៣ ដើម្បីឈានដល់ចំនួនមួយដ៏ច្រើនបំផុត។

នៅក្រោមគម្រោងថវិកានេះ សំណើសុំថវិកាសុខុមាលភាពសង្គមអាចកើនឡើងដល់ជាង ៤ពាន់លានដុល្លារ ដើម្បីជួយផ្តល់មូលនិធិដល់ការចំណាយសម្រាប់ប្រជាពលរដ្ឋដែលមានវ័យចាស់របស់ខ្លួនដែលតួលេខនេះ គឺស្មើនឹងមួយភាគបីនៃថវិកាប្រចាំឆ្នាំដែលមានតម្លៃប្រហែល ៧៨០ពាន់លានដុល្លារ។

បើមើលទៅលើសកម្មភាពសេដ្ឋកិច្ចជប៉ុននាពេលបច្ចុប្បន្ននេះវិញ ឃើញថា កំណើនសកម្មភាពរោងចក្រនៅប្រទេសជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ១៩ ខែនៅក្នុងខែសីហានេះដោយសារទិន្នផល និងការបញ្ជាទិញថ្មីបានធ្លាក់ចុះយ៉ាងគំហុកចំពេលមានសម្ពាធចេះតែកើនឡើងបណ្ដាលមកពីការកើនឡើងជាបន្តបន្ទាប់នូវតម្លៃវត្ថុធាតុដើម និងថាមពល និងការធ្លាក់ចុះនៃតម្រូវការសកលផងដែរ។ សូមបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅនេះរាជរដ្ឋាភិបាលជប៉ុនក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួនសម្រាប់ឆ្នាំសារពើពន្ធនេះ មកនៅត្រឹមតែ ២%ប៉ុណ្ណោះ ខណៈកាលពីមុនធ្លាប់រំពឹងថា នឹងមានកំណើន៣,២%។ ការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចនេះ បន្ទាប់ពីមើលឃើញថា តម្រូវការនៅក្រៅប្រទេសមានការថយចុះ រួមទាំងមានផលប៉ះពាល់ដែលបណ្ដាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បញ្ហាបិទខ្ទប់កូវីដ១៩នៅប្រទេសចិន និងការថយចុះសេដ្ឋកិច្ចសកលជាដើម។ ជាមួយនឹងហានិភ័យកាន់តែគរពូនកាន់តែច្រើនឡើងយ៉ាងដូច្នេះ នៅសារពើពន្ធ២០២៣ខាងមុខ ជប៉ុនរំពឹងកំណើនសេដ្ឋកិច្ចនឹងមានត្រឹមតែ១,១%ប៉ុណ្ណោះ៕