ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមជាមួយសមាគមកាសែតជាង៥០ នៅកម្ពុជា ក្នុងការងារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។ ការលើកឡើងរបស់ ឯកឧត្ដមរដ្ឋមន្ត្រីនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលដឹកនាំដោយ ឯកឧត្ដម ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានគាំទ្រដល់គម្រោងបន្តបើកវគ្គបណ្តុះបណ្តាលវាគ្មិនរបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏ដូចជាជួយចែករំលែកដល់អ្នកកាសែតពីការវិវត្តជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល។ ឯកឧត្ដមរដ្ឋមន្ត្រីគូសបញ្ជាក់ថា និន្នាការហ្វេសប៊ុក ហាក់ក្លាយទៅជាបែបពាក់កណ្តាលបុរាណ សម័យ ខណៈនិន្នាការ TikTok ហាក់ក្លាយជាទីពេញនិយម ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានលើកឡើងពីភាពចាំបាច់ក្នុងការបន្តរួមចំណែកពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកកាសែត ដោយស្នើឱ្យហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ពិចារណារកវិធីក្នុងការរួមគ្នាបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីជួយដាស់តឿន តម្រង់ទិស និងដើម្បីកាត់បន្ថយលុបបំបាត់ឱ្យបាននូវការប្រើប្រាស់តួនាទីរបស់សារព័ត៌មានមិនសមរម្យ ឬដូចករណីជេរប្រមាថដែលបានកើតមានកន្លងមក។
ឯកឧត្ដម ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២២ ទោះបីសហព័ន្ធក៏ដូចស្ថាប័ននានា ត្រូវជួបប្រឈមនូវស្ថានភាពលំបាកបង្កដោយជំងឺរាតត្បាតសកលកូវីដ១៩ យ៉ាងណាក្ដី ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅបានបន្តធ្វើសកម្មភាពលើ១០គម្រោង ក្នុងនោះរួមមាន ការបណ្តុះបណ្តាល ការងារមនុស្សធម៌ ការងារព័ត៌មាន និងការផ្សព្វផ្សាយ ការពិនិត្យឆ្លើយតបរបាយការណ៍បរទេស ការការពារសិទ្ធិអ្នកសារព័ត៌មាន ហើយក្នុងនោះក៏បានជួយអន្តរាគមន៍អ្នកកាសែតសរុប២៣អង្គភាព ស្មើនឹង៣៣នាក់ ឱ្យរួចផុតពីការចោទប្រកាន់ដោយតុលាការនៅក្នុងភូមិសាស្ត្រ៥រាជធានី-ខេត្ត។
ឯកឧត្ដម ហ៊ុយ វណ្ណៈ បានបញ្ជាក់ទៀតថា សម្រាប់ទិសដៅការងារបន្តរបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់ពីឆ្នាំ២០២២-២០២៥ ដោយមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល និងដើម្បីបន្តបេសកកម្មការងាររបស់ខ្លួនប្រកបដោយភាពរស់រវើក ស្របតាមសភាពការណ៍ជាក់ស្តែង និងការវិវត្តប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកលលោក លើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ សហព័ន្ធសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាពចំនួន៣ធំៗ រួមមាន សារព័ត៌មានអាជីព ការផ្សព្វផ្សាយមហាជនតាមបណ្តាញសង្គម និងការងារសាធារណមតិ។
ឯកឧត្ដមបានអះអាងបន្ថែមថា សហព័ន្ធក៏គ្រោងបើកវគ្គបណ្តុះបណ្តាលលើចំណេះដឹងជាអាទិ ភាព៥ រួមមាន មូលដ្ឋានគ្រឹះសារព័ត៌មាន ការដឹកនាំវិស័យសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការបណ្តុះបណ្តាលវាគ្មិន៕
ប្រភព៖ ក្រសួងព័ត៌មាន