(ភ្នំពេញ)៖ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសក្បែរខាង បានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម តួយ៉ាង យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ សុទ្ធតែមានកំណើនគួរឲ្យកត់សម្គាល់ នារយៈពេល ៧ខែ ក្នុងឆ្នាំ២០២២នេះ ដោយសរុបទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសជិតខាងទាំងពីរនេះមានដល់ទៅជាង៦ពាន់៤រយលានដុល្លារឯណោះ។
ក្រុមអ្នកជំនាញបានអះអាងថា ដ្បិតវិស័យកសិកម្ម បានជួបបញ្ហាប្រឈមខ្លះៗ ក៏ពិតមែន តែកត្តាដែលជំរុញឲ្យទំហំពាណិជ្ជកម្មអន្តរជាតិកើន ព្រោះតែទីផ្សារទាំង២ គឺជាទីផ្សារគោលដៅសំខាន់ ក្នុងការនាំចេញផលិតផលកសិកម្មកម្ពុជា។
ទោះបីស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់នៃវិបត្តិកូវីដ១៩ និងបញ្ហានានា ដែលបាននិងកំពុងមានជាបន្តបន្ទាប់ តែសកម្មភាពនៃការដោះដូរទំនិញរវាងកម្ពុជា និងបណ្ដាទីផ្សារគោលដៅ នៅតែរក្សាបាននូវសញ្ញាណវិជ្ជមាន។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃ នៅតែស្ថិតក្នុងចំណោមទីផ្សារធំៗ របស់កម្ពុជា ក្នុងការនាំចេញទំនិញសំខាន់ៗ បើទោះបីកន្លងមក ការនាំចេញទំនិញទៅកាន់ទីផ្សារទាំង២ ជួបបញ្ហាប្រឈមខ្លះៗក៏ដោយ។ ជាក់ស្ដែង ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសវៀតណាម មានទំហំប្រាក់ជាង ៣ពាន់៧រយលានដុល្លារ កើនឡើង២២%។ រីឯ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃវិញ មានទំហំទឹកប្រាក់ ២ពាន់៧រយលានដុល្លារ កើនឡើង២៦%។ ក្រុមអ្នកជំនាញបានអះអាងថា ប្រទេសវៀតណាម និងថៃ នៅក្បែរខាងកម្ពុជា មានភាពងាយស្រួលក្នុងការដឹកជញ្ជូន និងមានតម្រូវការខ្ពស់ចំពោះផលិតផលកម្ពុជា ពិសេសផលិតផលកសិកម្ម តែម្ដង ដែលនេះជាកត្តាជំរុញឲ្យទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្ដាប្រទេសក្បែរខាងកាន់តែកើនឡើង។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមដឹកជញ្ជូនទំនិញកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ន សកម្មភាពនៃការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារគោលដៅ កាន់តែមានភាពល្អប្រសើរ ក្រោយបញ្ហាតម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះមកវិញបន្តិច។ ដោយឡែក សម្រាប់ការនាំចេញទំនិញកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃវិញ ត្រូវបានអ្នកជំនាញរូបនេះ បញ្ជាក់ថា នៅតែមានដំណើរការជាធម្មតា ពិសេសផលិតផលកសិកម្ម តែម្ដង។
ដោយឡែក លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានយល់ឃើញថា ទាំងទីផ្សារវៀតណាម និងទីផ្សារថៃ សុទ្ធតែសំខាន់សម្រាប់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្ម ក៏ប៉ុន្តែ ការនាំចេញកសិផល ទៅប្រទេសថៃ ហាក់មានភាពស្មុគស្មាញ ជាងការនាំចេញទៅប្រទេសវៀតណាម។ ដ្បិត ប្រទេសវៀតណាម និងប្រទេសថៃ គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកសិកម្មកម្ពុជា តែបើតាមការពន្យល់របស់ អួន ស៊ីឡុត ទម្រាំកម្ពុជាអាចនាំផលិតផលកសិកម្ម ទៅប្រទេសថៃ បានត្រូវទាមទារឲ្យភាគីកម្ពុជា រង់ចាំរហូតកសិករក្នុងប្រទេសថៃ ប្រមូលទិន្នផលក្នុងប្រទេសខ្លួនអស់ជាមុនសិន ដើម្បីទប់ស្កាត់ការកកស្ទះ និងធ្លាក់ចុះតម្លៃកសិផលរបស់កសិករថៃ ចំណែកឯការនាំចេញផលិតផលកសិកម្ម ទៅទីផ្សារវៀតណាមវិញ ក៏មិនសូវមានភាពច្បាស់លាស់ប៉ុន្មានដែរ ព្រោះត្រូវពឹងផ្អែកទាំងស្រុងទៅលើឈ្មួញកណ្ដាល។
សូមបញ្ជាក់ថា នៅរយៈពេល៧ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងអន្តរជាតិ មានទំហំទឹកប្រាក់សរុបជិត ៣៣ពាន់លានដុល្លារអាមេរិក មានការកើនឡើងជាង២១% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ប្រទេសចិន បានឈរនៅលំដាប់លេខ១ ក្នុងការដោះដូរពាណិជ្ជកម្មជាមួយកម្ពុជា បន្ទាប់មក ប្រទេសអាមេរិក ស្ថិតក្នុងចំណាត់ថ្នាក់លេខ២។ ចំណែកឯ ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី៣ និងប្រទេសថៃ ជាប្រទេសជាប់ចំណាត់ថ្នាក់ទី៤។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕