ការហៀរកំពប់ប្រេងដែលប្រទេសប៉េរូហៅថា ជាគ្រោះមហន្តរាយបរិស្ថានដ៏អាក្រក់បំផុតនៅជុំវិញក្រុងលីម៉ា នាពេលថ្មីៗនេះ គឺជាការលេចធ្លាយធុងប្រេងជាង ១០ ០០០បារ៉ែល ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលបង្កឱ្យមានបណ្តឹងរដ្ឋប្បវេណីទាមទារសំណង ៣ពាន់លានដុល្លារ សម្រាប់ការខូចខាតបរិស្ថាន និង ១,៥ពាន់លានដុល្លារ សម្រាប់លផលប៉ះពាល់ដល់អ្នកស្រុក។
យ៉ាងណាមិញ ក្រុមហ៊ុន Repsol បានបដិសេធការទទួលខុសត្រូវ ហើយបានលើកឡើងថា ហេតុការណ៍គឺបណ្តាលមកពីរលកមិនធម្មតាដែលបង្កើតឡើងដោយបន្ទុះភ្នំភ្លើងនៅតុងហ្គា ក៏ប៉ុន្តែក្រោយមក ក្រុមហ៊ុនបែរមកបន្ទោសនាវាដឹកប្រេងវិញ។
បើតាមការឱ្យដឹងពីសារព័ត៌មាន BBC កាលពីថ្ងៃអង្គារ ចៅក្រមប៉េរូបានទទួលស្គាល់ពាក្យបណ្តឹងទារសំណងចំនួន ៤,៥ពាន់លានដុល្លារនេះហើយ ដែលមានន័យថាករណីនឹងត្រូវឡើងតុលាការ។
គួរបញ្ជាក់ថា បំពង់បង្ហូរប្រេងក្រោមទឹកដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Repsol បានធ្លាយប្រេងកាលពីថ្ងៃទី១៥ ខែមករា ដែលកើតឡើងនៅពេលនាវាដឹកប្រេងមានទង់ជាតិអ៊ីតាលី ឈ្មោះ Mare Doricum កំពុងផ្ទុកប្រេងនៅរោងចក្រចម្រាញ់ប្រេង La Pampilla។
ទោះជាយ៉ាងណា ក្រុមហ៊ុនបានបដិសេធការទទួលខុសត្រូវចំពោះបញ្ហានេះ ដោយនិយាយថា ខ្លួនមើលឃើញការអះអាងថា «គ្មានមូលដ្ឋាន មិនអាចទទួលយកបាន និងមិនស៊ីសង្វាក់គ្នា» ខណៈអ្នកនាំពាក្យរបស់ក្រុមហ៊ុនបានប្រាប់សារព័ត៌មាន BBC យ៉ាងដូច្នេះ «យើងមិនទាន់ត្រូវបានជូនដំណឹងអំពីការទទួលយកពាក្យបណ្តឹងរបស់តុលាការទេ ហើយយើងក៏មិនដឹងពីព័ត៌មានលម្អិតនៃការទទួលយកដែរ»។
ក្រុមហ៊ុនដដែលបន្តថា «យើងសូមរម្លឹកឡើងវិញ មូលហេតុនៅតែស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែការរកឃើញបឋមបង្ហាញថា ករណីត្រូវបានបង្កឡើងដោយសារនាវា Mare Doricum មិនអាចគ្រប់គ្រងបាន ខណៈពេលនាវាកំពុងផ្ទុកប្រេងឆៅនៅស្ថានីយ»។
បើតាមអ្នកនាំពាក្យរូបនេះ ក្រុមហ៊ុន Repsol កំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ក្នុងការកំចាត់ សម្អាត និងជួសជុលឆ្នេរសមុទ្រ ជួយសហគមន៍ក្នុងតំបន់ ក៏ដូច្នេះសង្គ្រោះសត្វដែលរងផលប៉ះពាល់៕