តូក្យូ៖ នៅថ្ងៃពុធនេះ លោកស្រី ជុនកូ ណាកាហ្គាវ៉ា គណៈគ្រប់គ្រងនៃធនាគារជប៉ុនបានធ្វើការព្រមានពីហានិភ័យនៃការខូចខាតសេដ្ឋកិច្ចរបស់ប្រទេសខ្លួន។ ហានិភ័យទាំងនោះរួមមាន ការកើនឡើងនៃការចំណាយផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលនេះនឹងនាំភាពលំបាកយ៉ាងខ្លាំងដល់ប្រជាជន។ លោកស្រីក៏បានលើកពីតម្រូវការចាំបាច់ក្នុងការរៀបចំគោលនយោបាយរូបិយវត្ថុឲ្យមានលំនឹងដើម្បីទប់ទល់នឹងការខាតបង់ធ្ងន់ធ្ងរ។
ការបិទខ្ទប់នៅប្រទេសចិនដោយសារតែការរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការនាំចេញ និងការផលិតរបស់ជប៉ុន។
នៅពេលដែលមានការបិទខ្ទប់ ធ្វើឲ្យប៉ះពាល់ដល់ការនាំចូលផលិតផលពីក្រៅប្រទេស ហេតុនេះធ្វើឲ្យតម្រូវការប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកមានការកើនឡើង។ ដែលតម្លៃនៃផលិតផលផលិតក្នុងស្រុកនោះគឺសុទ្ធសឹងតែមានតម្លៃថ្លៃដែលជាហេតុប៉ះពាល់ខ្លាំងដល់ការចំណាយប្រចាំថ្ងៃដល់ប្រជាជនជប៉ុន ។
តាមប្រសាសន៍របស់លោកស្រី ជុនកូ ណាកាហ្គវ៉ា បានឲ្យដឹងថា ដើម្បីឲ្យស្តារសេដ្ឋកិច្ចឡើងវិញ វាចាំបាច់ណាស់ក្នុងការធ្វើឲ្យតម្លៃនៃផលិតផលប្រើប្រាស់ប្រចាំថ្ងៃនោះប្រែប្រួលតម្លៃ បានន័យថា ប្តូរពីតម្លៃដែលខ្ពស់នោះ មកនៅត្រឹមតម្លៃដែលទាបបំផុត។ ក្នុងន័យនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាជន។
ខណៈអត្រាអតិផរណានៅប្រទេសជប៉ុនបានកើនលើសពីការកំណត់របស់ធនាគារកណ្តាលនៃប្រទេសនេះ ជាង២% អស់រយៈពេលច្រើនខែមកហើយ លោកស្រីបានបន្ថែមថា យន្តការផ្សេងៗក្នុងគោលនយោបាយរូបិយវត្ថុ ដូចជា ការគោលនយោបាយបន្ថយការប្រាក់ត្រូវអនុវត្តបន្ត ដើម្បីរក្សាស្ថេរភាព និងរក្សាលំនឹងអត្រាអតិផរណាឲ្យស្ថិតនៅក្នុងកម្រិតគោលដៅរបស់ធនាគារកណ្តាល ជាមួយនឹងលទ្ធភាពវិជ្ជមាននៃការតម្លើងប្រាក់ខែដែលវិធានការនេះ អាចជួយទប់ទល់នឹងបញ្ហាចំណាយរបស់ប្រជាជនបាន។
នៅពេលនេះ ប្រហែលមានតែធនាគារជប៉ុនមួយប៉ុណ្ណោះដែលនៅរក្សាយន្តការកាត់បន្ថយអត្រាការប្រាក់ ខណៈធនាគារកណ្តាលនៃប្រទេសភាគច្រើនបាន និងកំពុងចាប់ផ្តើមប្រើប្រាស់គោលនយោបាយដំឡើងការប្រាក់ដើម្បីទប់ទល់នឹងកំណើនអតិផរណា។
អត្រានៃតម្លៃទំនិញប្រើប្រាស់នៅប្រទេសជប៉ុនបានកើនឡើង ២.៤% តាំងពីខែកក្កដាឆ្នាំទៅម៉ិញ ហើយអត្រានេះចាត់ទុកជាកំណើនមួយដែលមិនដែលមានក្នុងរយៈ ៧ឆ្នាំកន្លះចុងក្រោយនេះ។ ការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់នេះ បណ្តាលមកពីការកើនថ្លៃប្រេង, វត្ថុធាតុដើម និងថ្លៃជីវភាពរស់នៅរបស់ប្រជាជនទូទៅ។
ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ