តៃវ៉ាន់៖ នៅថ្ងៃព្រហស្បតិ៍ទី ០១ ខែកញ្ញា នេះ គឺជាពេលដំបូងដែលកងទ័ពតៃវ៉ាន់បានធ្វើការបាញ់ព្រមានទៅលើដ្រូនដែលមានប្រភពមិនច្បាស់លាស់ដែលបានចូលដែនអាកាសរបស់ខ្លួន ស្ថិតនៅជិតព្រំដែនក្រុងស៊ីមិនប្រទេសចិន។
ការបាញ់ព្រមានលើដ្រូននេះ គឺបន្ទាប់ពីរដ្ឋាភិបាលតៃវ៉ាន់បានធ្វើការប្តេជ្ញាចាត់វិធានការដើម្បីដោះស្រាយចំពោះការគម្រាមកំហែងរបស់ចិនមកលើ ទឹកដីតៃវ៉ាន់។
នៅថ្ងៃសុក្រទី ០២ ខែកញ្ញានេះ លោកស្រី ប្រធានាធិបតីតៃវ៉ាន់បានមានប្រសាសន៍ថា ការបាញ់ព្រមានលើដ្រូនទាំងនេះគឺជារឿងត្រឹមត្រូវ ព្រោះខាងតៃវ៉ាន់បានធ្វើការរាយការណ៍ពីការរំលោភបំពាន និងបានធ្វើការព្រមានជាច្រើនដងហើយចំពោះសកម្មភាពបង្ហោះដ្រូនចេញពីប្រទេសចិន ហើយបញ្ជាឲ្យដ្រូនទាំងនោះហោះមកជិតកោះឃីនមិនរបស់តៃវ៉ាន់ជាច្រើនលើកច្រើនសារ។ ទោះបីជាដ្រូនទាំងនោះមិនមានប្រភពច្បាស់លាស់ថាជារបស់ទាហានចិនឬក៏អត់ក៏ដោយ ប៉ុន្តែទាំងនេះសុទ្ធតែជាទង្វើនៃការរំលោភបូរណភាពទឹកដី។ ក្នុងសេចក្តីរាយការណ៍ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីបានបាញ់លើដ្រូនមួយហើយនោះ ដ្រូនទាំង៣ដែលហោះដំណាលគ្នានាពេលនោះក៏បកត្រលប់ទៅខាងទឹកដីចិនវិញ។
យោធាតៃវ៉ាន់ក៏បានលើកឡើងថា ចិនតែងតែប្រើវិធីសាស្ត្រផ្សេងៗដូចជា យន្តហោះស៊ីវិល, បាឡុងអាកាសធាតុ, ទូកកម្សាន្តស្ទូចត្រី, នាវាស្រាវជ្រាវ...ចូលមកក្នុងទឹកដីខ្លួន ដែលទង្វើទាំងនេះអ្នកវិភាគបានហៅថា “បច្ចេកទេសតំបន់ប្រផេះ ឬ Gray Zone Tactic” ការប្រើបច្ចេកទេសនេះគឺក្នុងបំណងបំពាន និងគម្រាមកំហែងផ្សេងៗ ហើយក៏មានវិធីសាស្ត្រផ្សេងទៀតនៅក្នុង “បច្ចេកទេសតំបន់ប្រផេះ ឬ Gray Zone Tactic” នេះដូចជា ការលួចចូលក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា ឬ លួចទិន្នន័យជាដើម -ល-។
ដោយ៖ សូរីយ៉ាភ័ណ្ឌ