សិនចិន: ទីក្រុងឆឹងទូ ស្ថិតនៅប៉ែកនិរតីនៃប្រទេសចិន បានប្រកាសបិទខ្ទប់ចំនួន៤ថ្ងៃដើម្បីធ្វើការធ្វើតេស្តរកមេរោគកូវីដ-១៩ លើប្រជាជនចំនួន ២១.២លាន នាក់ ទូទាំងក្រុង។ ដោយសារតែទីក្រុងសំខាន់ៗរបស់ប្រទេសចិនមួយចំនួនផ្សេងទៀតកំពុងតែប្រយុទ្ធនឹងការផ្ទុះឡើងវិញនៃមេរោគ កូវីដ-១៩។
ប្រជាជននៅក្នុងក្រុង ឆឹងទូ ត្រូវបានផ្អាកក្នុងការធ្វើដំណើរ ដោយតម្រូវឲ្យនៅក្នុងលំនៅដ្ឋានរៀងខ្លួនចាប់ពីម៉ោង៦ល្ងាចថ្ងៃព្រហស្បតិ៍ទី០១ ខែកញ្ញាតទៅ។ ខណៈធ្វើការបិទខ្ទប់នេះ អាជ្ញាធរនឹងអនុញ្ញាតិឲ្យមនុស្សម្នាក់ក្នុងគ្រួសារអាចចេញទៅទិញឥវ៉ាន់ចាំបាច់ក្នុងផ្ទះម្តងក្នុងមួយថ្ងៃ។ ហើយស្ថាប័នរដ្ឋ, ក្រុមហ៊ុន និងរោងចក្រត្រូវបានជំរុញឲ្យមន្ត្រី និងបុគ្គលិកធ្វើការពីផ្ទះ។
ឆឹងទូ ត្រូវបានរាយការណ៍ថា បានរកឃើញការឆ្លងផ្ទៃក្នុងចំនួន១៥៧ករណីកាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ។ ឆឹងទូគឺជាទីក្រុងធំជាងគេរបស់ចិនដែលបានធ្វើការបិទខ្ទប់ក្នុងចំណោមទីក្រុងផ្សេងៗទៀតបានធ្វើការបិទខ្ទប់ជាបណ្តើរៗតាំងពីខែមេសា និងឧសភាក្នុងឆ្នាំ២០២២នេះ។
ការបិទខ្ទប់ទីក្រុងដ៏ធំ និងមានចំនួនប្រជាជនដ៏ច្រើនមួយនេះ មិនមែនជាការងាយស្រួលនោះទេមនុស្សត្រូវតម្រង់ជួរយ៉ាងវែងនៅក្នុងផ្សារលក់ទំនិញ បើទោះជាមានការអនុញ្ញាតឲ្យតែមនុស្សម្នាក់ក្នុងមួយគ្រួសារអាចចេញមកទិញទំនិញចាំបាច់ក៏ដោយ។
ជាមួយគ្នានេះ ជើងហោះហើរទៅមកទីក្រុងឆឹងទូជាច្រើនកំពុងជួបបញ្ហា ដោយគិតត្រឹមម៉ោង១០ព្រឹកកាលពីថ្ងៃពីព្រហស្បតិ៍មានជើងហោះហើររហូតដល់ជាង ១ពាន់ជើង បានលុបចោល។ ដោយជើងហោះហើរក្នុងអាកាសយានដ្ឋាន ស៊័ងលីង ក្នុងក្រុងឆឹងទូ បានរំសាយ ចំនួន ៣៩៨ ជើង ស្មើនឹង ៦២ភាគរយ ចំណែកជើងហោះហើរនៅក្នុងអាកាសយានដ្ឋានមួយទៀតរបស់ឆឹងទូ គឺនៅ ធានហ្វូ បានមានការលុបចោលចំនួន ៧២៥ជើងស្មើនឹង ៧៩ភាគរយ។
ដោយ៖ សូរីយ៉ាភ័ណ្ឌ