នេះគឺជាសប្តាហ៍ទៅ៣ហើយដែលតម្លៃលុយដុល្លារអាមេរិកនៅតែបន្តកើនឡើងជាប់ៗគ្នា ហើយឈានជិតដល់តម្លៃដ៏ខ្ពស់លើសលុយអឺរ៉ូ និងលុយយ៉េនជប៉ុនដែលព្រឹត្តិការណ៍នេះមិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សរ៍មកហើយ។
ដោយពេលនេះ អត្រាលុយ១ដុល្លារអាមេរិកស្មើនឹងប្រហែល ១៤០ យ៉េនលុយជប៉ុនដែលនេះជាអត្រាដ៏កម្រមួយតាំងពី ១៩៩៨ មក។ ខណៈ លុយ អឺរ៉ូបានធ្លាក់ទាបជាងលុយដុល្លាររយៈពេលជិត២សប្តាហ៍ហើយ។
ការកើនឡើងនៃតម្លៃលុយដុល្លារនេះ មួយចំណែកដោយសារតែអត្រាការងារនៅសហរដ្ឋអាមេរិកមានការកើនឡើង ដោយក្នុងខែសីហាកន្លងទៅថ្មីៗនេះ ចំនួនការងារថ្មីនៅអាមេរិក បានកើនឡើងចំនួន ៣១៥,០០០ កន្លែង។
ជាមួយគ្នានេះដែរតាមព័ត៌មានកាលពីសប្តាហ៍មុនបាន ឲ្យដឹងថា តម្លៃលុយដុល្លារអាមេរិកចាប់ផ្តើមឡើងមកវិញ គឺដោយសារតែគម្រោងនៃការតម្លៃអត្រាការប្រាក់របស់ប្រទេសមហាអំណាចមួយនេះដើម្បីទប់ទល់នឹងបញ្ហាអតិផរណារបស់ខ្លួន។ ចំណែកលុយអឺរ៉ូបានចាប់ផ្តើមធ្លាក់បន្ទាប់ពីរុស្សីបានប្រកាសថា នឹងផ្អាកការផ្គត់ផ្គង់ហ្គាសរយៈពេល៣ថ្ងៃដល់អឺរ៉ុបតាមរយៈបំពង់ Nord Stream នៅចុងខែសីហា។ អ្នកវិនិយោគមានការព្រួយបារម្ភថា ការផ្អាកនេះនឹងអាចនាំឲ្យមានវិបត្តិខ្វះខាតថាមពល ដែលនឹងដាក់បន្ទុកបន្ថែមលើរូបិយបណ្ណរួមក្នុងប៉ុន្មានខែនេះ។
ដោយ៖ សូរិយភ័ណ្ឌ