ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ី នឹងធ្វើការដំឡើងការអត្រាការប្រាក់របស់ខ្លួនជាលើកទី៣ ក្នុងអត្រា ០.២៥% នៅថ្ងៃព្រហស្បតិ៍នេះ ចំណែកការដំឡើងលើកទី ៤ នឹងធ្វើឡើងនៅក្នុងខែវិច្ឆិកាបន្តទៀត។ ការដំឡើងអត្រាការប្រាក់នេះ គឺដើម្បីទប់ទល់នឹងបញ្ហានៃអតិផរណានៅក្នុងប្រទេសរបស់ខ្លួន។
អត្រាអតិផរណារបស់ប្រទេសម៉ាឡេស៊ីបានឡើង ៤.៤%កាលពីខែកក្កដា ដែលអត្រានេះគឺខ្ពស់ជាងការកំណត់ចន្លោះពី ២ ទៅ ៣ភាគរយ។ ប៉ុន្តែបើពិនិត្យមើលឲ្យច្បាស់លាស់បន្តិច អត្រានេះមិនមែនជាការកើនឡើងខ្លាំងហួសហេតុពេកទេ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត។ អាចចាត់ទុកថា ជាការកើនឡើងក្នុងល្បឿនដែលយឺតមួយ ដែលអាចអនុញ្ញាតឲ្យធនាគារកណ្តាលនៃប្រទេសមានពេលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងចលនាសេដ្ឋកិច្ចរបស់ខ្លួន។
ធនាគារ ណេហ្គារ៉ា ម៉ាឡេស៊ី បានដំឡើងអត្រាការប្រាក់ខ្លួនដោយអត្រាទាបមួយគឺ ពី ០.៥% ឡើងទៅ ២.២៥% ចាប់តាំងពីខែឧសភា។
ការដំឡើងការប្រាក់លើកទី៣នេះ នឹងអាចក្លាយជាការដំឡើងការប្រាក់៣ដងជាប់គ្នាដែលមិនធ្លាប់មានតាំងពីឆ្នាំ២០១០មក។
ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកសេដ្ឋកិច្ចនៃប្រទេសម៉ាឡេស៊ីនៅតែមានសុទិដ្ឋិនិយមនៃការកើនឡើងនៃសេដ្ឋកិច្ចរបស់ខ្លួនបន្ទាប់ពីការងើបឡើងវិញពីវិបត្តិកូវីដ១៩។ ដោយយោងតាមរបាយការណ៍ដែលបង្ហាញថា គ្រាន់តែការនាំចេញប្រេងមួយមុខ របស់ប្រទេសនេះ ក៏បានធ្វើឲ្យសេដ្ឋកិច្ចកើន ៨.៩ %នៅ ត្រីមាសទី២ កន្លងទៅថ្មីៗនេះរួចទៅហើយ ដែលអត្រាកំណើននេះ វាមានភាពកើនឡើងលឿនជាងអត្រាកំណើនកាលពីពេលមួយឆ្នាំកន្លងទៅ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកសេដ្ឋកិច្ចនៅតែមានការបារម្ភពីសម្ពាធដែលអាចកើតឡើងពីកត្តាផ្សេងៗ ដូចជា ការសម្រេចដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនៅអាមេរិកជាដើម ដោយកត្តានេះនឹងអាចធ្វើឲ្យមានភាពតានតឹងដល់សេដ្ឋកិច្ចពិភពលោកខ្លះដែរ។
ម្យ៉ាងវិញទៀត ការលូតលាស់យឺតនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសម៉ាឡេស៊ីនាពេលនេះ ក៏ជាកត្តាដែលនាំឲ្យអ្នកសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីមានការព្រួយបារម្ភដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ថ្នាក់ដឹកនាំនៃធនាគារកណ្តាលម៉ាឡេស៊ី នឹងព្យាយាមទប់លំនឹងសេដ្ឋកិច្ចរបស់ខ្លួន ដោយព្យាយាមប្រយ័ត្នក្នុងការប្រែគោលនយោបាយនីមួយៗដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានប្រសើរឡើងវិញ។