បរទេសៈ អាយហ្វូន ១៤ ដែលជាស៊េរីថ្មីចុងក្រោយ របស់ក្រុមហ៊ុនអេបផល ដែលបានបង្ហាញរូបរាងនៅក្នុងពិធីសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុនអេបផល នៅទីស្នាក់ការកណ្តាលក្នុងរដ្ឋកាលីហ្វរញ៉ា នាថ្ងៃពុធ ទី ៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលម៉ិញនេះ។
ទូរស័ព្ទវៃឆ្លាត អាយហ្វូន គឺជាផលិតផលចម្បងរបស់ក្រុមហ៊ុនយក្ស អេបផល របស់អាមេរិក។ សម្រាប់ស៊េរីចុងក្រោយនេះ ក៏មិនសូវខុសពីស៊េរីមុនៗដែរ គឺ អាយហ្វូន ១៤ ចេញមកក្នុងរូបភាព២ម៉ូដែលសម្រាប់ជាជម្រើសដល់អតិថិជន។ ម៉ូដែលទីមួយ គឺ iPhone 14 ដែលមានទំហំអេក្រង់ ៦.១ អ៊ិញ និងម៉ូដែលទីពីរ គឺ iPhone 14 Plus មានអេក្រង់ធំជាងគឺមានទំហំ ៦.៧ អ៊ិញ។
លក្ខណៈពិសេសរបស់ iPhone 14 គឺសមត្ថភាពកាម៉ារ៉ាដែលមានទំហំធំជាងមុន និងមានសមត្ថភាពចាប់យករូបភាពលឿនជាងមុនផងដែរ ដោយជាមួយទំហំកាម៉េរ៉ាចម្បង ១២ ម៉េហ្គាភិចស៊ែល។ ប៉ុន្តែ សម្រាប់ឈីប វិញ គឺវាប្រើឈីប ម៉ូដែល A15 ដែលជាប្រភេទឈីបដូចគ្នានឹងiPhone 13 ដែលចេញកាលពីឆ្នាំទៅម៉ិញ ហើយនេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុន អេបផល ប្រើប្រាស់ឈីបដូចគ្នាសម្រាប់ស៊េរីទូរស័ព្ទផ្សេងគ្នា។
លក្ខណៈពិសេសផ្សេងទៀតរបស់កាម៉េរ៉ាអាយហ្វូនស៊េរីថ្មីនេះ គឺសមត្ថភាពអូតូហ្វខឹស(Auto Focus) របស់កាម៉េរ៉ាមុខរបស់វា ដែលអាចឲ្យការថតរូបស៊ែលហ្វី ជាក្រុម ឬ តែម្នាក់ឯងកាន់តែងាយស្រួល និងច្បាស់ជាងមុន បើទោះជានៅចម្ងាយឆ្ងាយ ឬ នៅកន្លែងដែលមានពន្លឺតិចក៏ដោយ។ កាន់តែពិសេសជាងនេះទៀត គឺការថតវីដេអូ កាន់តែមានលំនឹងជាងមុន ទោះបីជាមានការបម្លាស់ទី។ iphone 14 និង iphone 14 plus នឹងដាក់លក់ក្នុងតម្លៃ ចាប់ពី ៧៩៩ដុល្លារអាមេរិក និងតម្លៃ ៨៩៩ដុល្លារអាមេរិក។ iphone 14 និង iphone 14 plus មាន៥ពណ៌ឲ្យអ្នកជ្រើសរើស គឺពណ៌ស, ពណ៌ប្រាក់, ផ្ទៃមេឃ, ខ្មៅ និងក្រហម។
ចំណែក iphone 14 proនិង iphone 14 Pro Max វិញ នឹងដាក់លក់ក្នុងតម្លៃចាប់ពី ៩៩៩ដុល្លារអាមេរិក និង ១,០៩៩ដុល្លារអាមេរិក ដោយមកជាមួយនឹងកាម៉េរ៉ាទំហំ ៤៨ ម៉េហ្គាភិចស៊ែល និងជាមួយបច្ចេកវិទ្យាថ្មីជាច្រើនផងដែរដូចជា “always-on dilsplay” ការបង្ហាញ ឬ ដំណើការអេក្រង់ធម្មតា ដោយប្រតិបត្តិការដូចជា ការស្តាប់ភ្លេង, ការខលចូល នឹងមិនរំខានដល់ប្រតិបត្តិការទូរស័ព្ទដែលអ្នកកំពុងប្រើ អ្នកអាចបញ្ជារបទចម្រៀង ឬ បន្ថយ/ដំឡើងសម្លេង ដោយមិនបាច់ចេញពីកម្មវិធី ឬ មិនបាច់ដោះ Lock Screen។ សម្រាប់ពណ៌ iphone 14 proនិង iphone 14 Pro Max វិញគឺមានជម្រើស ៤ ពណ៌ គឺពណ៌ ខ្មៅ, ស, មាស និងពណ៌ស្វាយ។ ជាមួយគ្នានេះ ដែរ iphone 14 proនិង iphone 14 Pro Max មានលក្ខណៈពិសេសមួយទៀតគឺ លទ្ធភាពថ្ម ដែលអាចបានប្រើពេញមួយថ្ងៃ ជាមួយបច្ចេកវិទ្យា A16 Bionic chip ដែលនេះអាចចាត់ទុកជាជោគជ័យដ៏ធំមួយដែររបស់អេបផល។
អ្វីដែលរឹតតែពិសេស សម្រាប់អាយហ្វូន ស៊េរីថ្មីទាំងនេះគឺ “ការទទួលបានព័ត៌មាន និងទូរស័ព្ទបន្ទាន់” បើទោះជាអ្នកស្ថិតនៅតំបន់ដាច់ស្រយាល មិនមានសេវាទូរស័ព្ទ អ្នកអាចភ្ជាប់ទូរស័ព្ទរបស់អ្នកជាមួយប្រព័ន្ធផ្កាយរណបបាន ដែលប្រព័ន្ធនេះត្រូវបានក្រុមហ៊ុនអេបផលហៅថា “a dynamic island” ។
អាយហ្វូន ស៊េរីថ្មី នឹង លុបចោលការប្រើ បន្ទះស៊ីម ដោយប្តូរមកវិញជាមួយស៊ីមឌីជីថល អ៊ី-ស៊ីម (e-sim)។ អ្នកប្រើប្រាស់ អាយហ្វូនស៊េរីចុងក្រោយនេះ អាចភ្ជាប់ ស៊ីមឌីជីថល អ៊ី-ស៊ីម (e-sim) និងស៊ីមដែលមានលេខទូរស័ព្ទធម្មតារបស់អ្នកនៅក្នុងទូរស័ព្ទតែមួយបាន៕