Alynana Media Cambodia
Icon Collap
clinic narit

ប្រធានាធិបតី រុស្សី និង ចិន នឹងជួបគ្នាដើម្បីពិភាក្សាពីបញ្ហា អ៊ុយក្រែន និង​ តៃវ៉ាន់

Admin Alynana | Sep 14, 2022
ប្រធានាធិបតី រុស្សី និង ចិន នឹងជួបគ្នាដើម្បីពិភាក្សាពីបញ្ហា អ៊ុយក្រែន និង​ តៃវ៉ាន់
Clinic narith

ម៉ូស្គូ៖ លោកប្រធានាធិបតីរុស្សី វ៉្លារឌីមៀរ ពូទីន និង លោកប្រធានាធិបតី ស៊ី ជិនពីង នឹងជួបពិក្សាពីបញ្ហានៅ អ៊ុយក្រែន និង តៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី ១៥ ខែកញ្ញា ស្អែកនេះ។ វិមានក្រែមឡាំង បានលើកឡើងថា ជំនួបនេះ នឹងក្លាយជា ចំនុចសំខាន់ នៃស្ថានភាពភូមិសាស្ត្រនយោបាយ។

គួរបញ្ជាក់ថា លោក ស៊ី នឹងធ្វើដំណើរចាកចេញពីប្រទេសចិនជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ ដើម្បីធ្វើទស្សនកិច្ចក្នុងតំបន់ភាគកណ្តាលអាស៊ីរយៈពេលមួយសប្តាហ៍ ហើយជាកន្លែងដែលលោកនឹងជួបជាមួយលោក ពូទីន។ ការធ្វើដំណើរលើកនេះ គឺជាពេលមួយខែមុនគម្រប់ខួបកាន់តំណែងជាប្រធានាធិបតីរបស់លោក ដែលនាំឲ្យលោកក្លាយជាអ្នកដឹកនាំដែលមានអំណាចដ៏ខ្លាំងមួយក្នុងប្រវត្តិសាស្ត្រចិនបន្ទាប់ពីជំនាន់របស់អតីប្រធានាធិបតី  លោក ម៉ៅ សេទុង។

យោងតាមអ្នកនាំពាក្យរបស់វិមានក្រែមឡាំង លោក Yuri Ushakov ដែលបានមានប្រសាសន៍ត្រួសៗនៅក្នុងទីក្រុងម៉ូស្គូបានឲ្យដឹងថា ប្រធានាធិតីទាំងពីរនឹងពិភាក្សាគ្នាអំពី របៀបវារៈទ្វេរភាគី និងលើប្រធានបទសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ។ 

លោក Yuri Ushakov បានបញ្ជាក់ថា ជាការពិតណាស់ភាគីទាំងពីរនឹងបង្ហាញពីការវាយតម្លៃវិជ្ជមានអំពីយុទ្ធសាស្ត្រជាដៃគូទ្វេរភាគីដែលប្រកបដោយការជឿជាក់ខ្ពស់រវាងគ្នានិងគ្នា។

បើនិយាយឲ្យស៊ីជម្រៅជាងនេះទៀត អ្វីដែលប្រទេសលោកខាងលិចកំពុងតាមដានមើលអំពីសកម្មភាពនៃទំនាក់ទំនងជាដៃគូឥតដែនកំណត់រវាងប្រទេសដែលកំពុងពោរពេញដោយអំណាចខ្លាំងក្លាដូចជាប្រទេសចិន និងប្រទេសរុស្សីដែលជាប្រភពធនធានធម្មជាតិមហាសាលនោះគឺ ការវិវឌ្ឍន៍នៃភូមិសាស្ត្រនយោបាយ។

ជំនួបលើកនេះ នឹងផ្តល់ឱកាសឲ្យលោក ស៊ី ធ្វើការបង្ហាញពីកម្លាំងសាច់ដុំរបស់លោក ខណៈលោក ពូទីន វិញនឹងអាចបង្ហាញពីគោលជំហររបស់លោកមកកាន់តំបន់អាស៊ី។ មេដឹកនាំទាំងពីរនឹងរួមគ្នាបង្ហាញគំនិតប្រឆាំងរបស់ពួកគេចំពោះសហរដ្ឋអាមេរិក ក៏ដូចជាចំពោះប្រទេសលោកខាងលិចដែលកំពុងពិចារណាធ្វើការដាក់ទណ្ឌកម្មលើទង្វើរបស់រុស្សី ដែលទង្វើនោះត្រូវបានរដ្ឋធានី មូស្គូ ហៅថា “ប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន”។

ខណៈពេលដែល ចិន គឺទីផ្សារប្រេងដ៏ធំបំផុតរបស់រុស្សី ហើយនេះគឺប្រភពចំណូលដ៏សំខាន់មួយរបស់រដ្ឋាភិបាលក្រុងមូស្គូ។

ជាមួយគ្នានេះ រុស្សីក៏កំពុងតែព្យាយាមបញ្ចុះបញ្ចូល ដែលនិយាយភាសាទូទៅគឺផ្សព្វផ្សាយលក់ផលិតផល ហ្គាស ឬ ឧស្ម័នធម្មជាតិរបស់ខ្លួនទៅឲ្យចិន ព្រមទាំងចង់បង្ហាញពីគម្រោងនៃការសាងសង់ប្រព័ន្ធទុយោថ្មីមួយសម្រាប់ប្រទេសចិន ខណៈពេលដែលការផ្គត់ផ្គង់ឧស្ម័នទៅទ្វីបអឺរ៉ុប របស់ខ្លួនកំពុងមានភាពរអាក់រអួលដោយសារតែពាក់ព័ន្ធនឹងបញ្ហានៅអ៊ុយក្រែន។

លោក Ushakov បានបន្តថា រុស្សីមានការផ្តល់តម្លៃចំពោះចិនដែលបានតាំងខ្លួនជាកណ្តាលនៅក្នុងវិបត្តិនៅអ៊ុយក្រែន។ លោកបានបញ្ជាក់បន្ថែមទៀតថា ភាគីចិនបានបង្ហាញពីការយល់ច្បាស់ពីមូលហេតុដែលបង្ខំឲ្យរុស្សីសម្រេចបើកប្រតិបត្តិការយោធាពិសេសលើកនេះ ទោះយ៉ាងណាក៏ដោយករណីនេះនឹងធ្វើការពិភាក្សាបន្ថែមក្នុងជំនួបដែលនឹងកើតមានឆាប់ៗនេះ។

ជំនួបរវាងលោក ស៊ី និងលោក ពូទីន នៅប្រទេស អ៊ូបេគីស្ថាន នឹងប្រព្រឹត្តិទៅស្របពេលជាមួយនឹងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ នៅក្នុងទីក្រុង សាម៉ាកាន ដែលជាទីក្រុងរបស់វិថីសូត្រពីបុរាណ(silk road)

ទោះយ៉ាងណាក៏ដោយក៏លោក Ushakov បានបញ្ជាក់ថា នឹងមិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលថ្មីណាមួយដែលរំពឹងទុកថានឹងអាចកើតឡើងនៅក្នុងប្រទេស អ៊ូបេគីស្ថានឡើយ។

ប្រភព៖ ស៊ីអិនអេ / ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ