Alynana Media Cambodia
Icon Collap
clinic narit

សំបុត្រយន្តហោះទៅមកកម្ពុជា-ចិន បានធ្លាក់មកនៅត្រឹមជាង ១ពាន់ដុល្លារវិញហើយ

Admin Alynana | Sep 14, 2022
សំបុត្រយន្តហោះទៅមកកម្ពុជា-ចិន បានធ្លាក់មកនៅត្រឹមជាង ១ពាន់ដុល្លារវិញហើយ
Clinic narith

  ថ្នាក់ដឹកនាំសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាអះអាងថា សំបុត្រយន្តហោះទៅមករវាងកម្ពុជា-ចិន ដែលបានហក់ឡើងថ្លៃជិត១ម៉ឺនដុល្លារក្នុងអំឡុងការរឹតបន្តឹងវិធានការកូវីដ-១៩នោះ បច្ចុប្បន្នបានធ្លាក់ចុះមកនៅត្រឹមជាង១ពាន់ដុល្លារប៉ុណ្ណោះ ក្រោយមានការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ ហើយកម្ពុជាមានការបើកទូលាយផ្នែកសេដ្ឋកិច្ច និសង្គមឡើងវិញ។ ទោះបីយ៉ាងនេះក្តី លំហូរភ្ញៀវទេសចរជនជាតិចិនចូលមកកម្ពុជានៅមានចំនួនតិចតួចនៅឡើយ ខណៈអ្នកធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរបច្ចុប្បន្នភាគច្រើនជាអ្នកវិនិយោគប៉ុណ្ណោះ។
ynthkrmhn_Cambodia_Airway_nprlnynt.2e16d0ba.fill-960x540

តម្លៃសំបុត្រយន្តហោះទៅមករវាងប្រទេសទាំងពីរកម្ពុជា-ចិន ដែលធ្លាប់ហក់ឡើងថ្លៃកប់ពពកដល់ជិត១ម៉ឺនដុល្លារនោះ ឥឡូវនេះបានវិលមករកភាពល្អប្រឡើងវិញហើយ បន្ទាប់ពីកម្ពុជាបានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងលើកលែងការធ្វើចត្តាឡីស័ក និងតេស្តរកមេរោគកូវីដ-១៩ លើអ្នកដំណើរចូលមកកម្ពុជា គួបផ្សំចិនមានការបន្ធូរបន្ថយការហោះហើរមកកម្ពុជា។ បើតាមការគូសបញ្ជាក់របស់លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជាចិនបានធ្លាក់ចុះមកត្រឹមជាង ១ពាន់ដុល្លារប៉ុណ្ណោះក្នុងមួយជើងនៅមួយរយៈចុងក្រោយនេះ។ ចំនួនមានការធ្លាក់ចុះខ្លាំងមែនទែនបើធៀបនឹងតម្លៃ ដែលបានហក់ឡើងខ្លាំងកាលពីមុន តែតម្លៃនេះនៅខ្ពស់ជាងតម្លៃពេលមិនទាន់ជំងឺកូវីដ-១៩ ដែលមានត្រឹមតែក្រោម១ពាន់ដុល្លារក្នុងមួយជើង។

113c569ae1138c190c5f0b5debff890d

ការធ្លាក់ចុះតម្លៃសំបុត្រទៅមករវាងប្រទេសទាំងពីរនេះ ត្រូវបានអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា គឺបន្ទាប់ពីប្រទេសចិនបានបង្កើនជើងហោះហើរមកកម្ពុជាឡើងវិញ ក្រោយកាត់បន្ថយមកនៅត្រឹមមួយជើងក្នុងសប្តាហ៍អស់ជាច្រើនខែកន្លងមកនេះ។ ទោះបីមានការបង្កើនជើងហោះហើរ ហើយតម្លៃសំបុត្រធ្លាក់ចុះក្តី តែចរន្តភ្ញៀវទេសចរជនជាតិចិនចូលមកកម្ពុជានៅមានចំនួនតិចតួចនៅឡើយទេ នេះក៏ដោយសារ ចិនបន្តអនុវត្តវិធានការគ្មានកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ខ្លួន ខណៈក្នុងចំណោមអ្នកធ្វើដំណើរចេញចូលប្រទេសទាំងពីរបច្ចុប្បន្នភាគច្រើនជាអ្នកជំនួញ។ មិនមែនតែតម្លៃសំបុត្រយន្តហោះទៅមកកម្ពុជាចិននោះទេដែលធ្លាក់ចុះ សូម្បីតម្លៃសំបុត្រយន្តហោះក្នុងតំបន់អាស៊ាន អាស៊ី និងអឺរ៉ុបមួយចំនួន ក៏បានវិលមករកភាពល្អប្រសើរឡើងវិញផងដែរ។
c5db24a825b4b10b235688db6c9c7e4d

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជាចិនបានធ្លាក់ចុះចន្លោះពី២៥%ទៅ៣០%នៅត្រីមាសទី២ បើធៀបនឹងត្រីមាសទី១នៅឆ្នាំ២០២២។ និយាយជារួមនៅត្រីមាសទី២ឆ្នាំនេះ តម្លៃសំបុត្រយន្តហោះទៅមករវាងកម្ពុជាជាមួយប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ីបានធ្លាក់ចុះចន្លោះពី២០%ទៅ៣០% ខណៈទៅប្រទេសក្នុងតំបន់អឺរ៉ុបបានធ្លាក់ចុះពី១០%ទៅ២០%បើធៀបនឹងត្រីមាសទី១។ ប៉ុន្តែការធ្លាក់ចុះនេះវាអាស្រ័យលើការបន្ធូរបន្ថយរបស់ប្រទេសមួយចំនួន ពោលគឺបើប្រទេសមិនមានការបើកចំហតម្លៃសំបុត្រនៅតែថ្លៃដដែល។

8057255cb02233316804c722e517c2a9

ពាក់ព័ន្ធស្ថានភាពភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជាលោកជំទាវ ឆាយ ស៊ីវលីន កត់សម្គាល់ឃើញថា ចាប់តាំងពីដើមឆ្នាំ២០២២មក ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែអ្នកជំនាញរូបនេះវាយតម្លៃថា នៅខែកញ្ញានេះចំនួនភ្ញៀវទេចរបរទេសចូលកម្ពុជាអាចនឹងមានការធ្លាក់ចុះ ដោយសារវាជារដូវភ្លៀង និងជារដូវខ្សត់ភ្ញៀវទេសចរ។ ទោះយ៉ាងណា លោកជំទាវ អះអាងថា ចាប់ពីខែតុលា តទៅចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជានឹងមានកំណើនឡើងវិញ ព្រោះចំនួនអ្នកកក់សំបុត្រចូលកម្ពុជានៅក្នុងខែនោះមានការកើនឡើងគួរឲ្យកត់សម្គាល់។

Propel-Header-Image-scaled

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៨ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជិត១លាននាក់ មានការកើនឡើង៧២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចំនួននេះនៅតែបន្តធ្លាក់៧៧% បើធៀននឹងចំនួនភ្ញៀវទេសចរបរទេស ដែលបានធ្វើដំណើរកម្សាន្តមកកម្ពុជាក្នុងរយៈពេលដូចគ្នាពីឆ្នាំ២០១៩។ ក្នុងចំណោមភ្ញៀវទេសចរទាំងនេះអ្នកធ្វើដំណើរចូលកមកម្ពុជាតាមផ្លូវអាកាសមានជិត៤០ម៉ឺននាក់ មានការកើនឡើងជិត៦០០%។ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍រូបនេះរំពឹងថា កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី១លាន៥សែននាក់ ទៅ២លាននាក់នៅឆ្នាំ២០២២ នេះ៕