(ភ្នំពេញ)៖ កម្ពុជាប្រមូលប្រាក់បានជាង ៦,៤ ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ឬមិនធ្វើពីក្រណាត់នៅក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២២ កើនជាង ១/៤ ធៀប រយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីចុងសប្តាហ៍មុនឱ្យដឹងថា ចាប់ពីខែមករា-ខែសីហា ឆ្នាំ ២០២២ ការនាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមានទឹកប្រាក់សរុប ៦ ៤៦៧,៧២ លានដុល្លារ កើន ២៨,៧៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៥ ០២១,៨៩ លានដុល្លារ។ ក្នុងចំណោមទឹកប្រាក់នាំចេញខាងលើ គឺការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុល ២ ឬ ១ មានទឹកប្រាក់ ៤ ៥៩៧,៨១ លានដុល្លារ កើន ២៧,២ ភាគរយ និងការនាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុល ២ ឬ ១ មានទឹកប្រាក់
១ ៨៦៩,៩ លានដុល្លារ កើនឡើង ៣២,៨ ភាគរយ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទឹកប្រាក់នាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ មានចំណែក ៤១,៤ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជាក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២២ ដែលមាន ១៥ ៦៤១,៩ លានដុល្លារ។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា បានប្រាប់ថា ក្នុងថ្ងៃទី ១៣ ខែកញ្ញាថា ការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជាទៅទីផ្សារអន្តរជាតិ គឺមានភាពល្អប្រសើរតែក្នុងរយៈពេល ៧ ខែ ដើមឆ្នាំប៉ុណ្ណោះ បន្ទាប់ពីនោះ គឺមិនមានសញ្ញាវិជ្ជមានឡើយ។ មានបញ្ហាប្រឈមជាច្រើនដែលធ្វើឱ្យការបញ្ជាទិញនេះធ្លាក់។
លោកថ្លែងថា៖ «យើងទទួលបានការកើនឡើងនៅក្នុងរយៈពេល ៧ ខែដំបូងតែប៉ុណ្ណោះ។ ជាមួយភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល យើងសង្កេតឃើញថា ការបញ្ជាទិញចាប់ផ្តើមធ្លាក់ចុះចាប់ពីខែសីហា។ ស្ថានភាពនេះនឹងបន្តដល់ដំណាច់ឆ្នាំ ឬយូរជាងនេះ»។
លោកបន្តថា ទីផ្សារសំខាន់ៗរបស់យើង គឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា និងចក្រភពអង់គ្លេស។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បាននិយាយថា កំណើនការនាំចេញផលិតផលសម្លៀកបំពាក់ទៅទីផ្សារអន្តរជាតិពេលខាងលើ គឺដោយសារតែប្រទេសនាំចេញមួយចំនួនជួបបញ្ហាដែលបណ្តាលមកពីវត្តមានជំងឺកូវីដ ១៩ ខណៈចង្វាក់ផលិតកម្មនៅកម្ពុជាអាចរក្សាបាននូវដំណើរការរបស់ខ្លួនជាធម្មតា។ ទោះយ៉ាងណាបើតាម GMAC ការបញ្ជាទិញនៅពេលនេះ គឺមិនមានភាពវិជ្ជមានទេ គឺមកពីឥទ្ធិពលនៃវិបត្តិសកលជាច្រើន។
លោកបន្ថែមទៀតថា ទោះយ៉ាងណាលោកសង្កេតឃើញថា វិបត្តិបណ្តាលមកពីកូវីដ ១៩ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន ហាក់មានភាពធូរស្រាលខ្លះៗហើយក្នុងពេលនេះ។
លោកអះអាងថា៖ «សម្រាប់ឆ្នាំ ២០២៣ ខ្ញុំរំពឹងថា ទីផ្សារបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជាអាចនឹងល្អឡើងវិញខ្លះ បើធៀបនឹងឆមាសទី២ ឆ្នាំ ២០២២ នេះ ព្រោះវិបត្តិនៅក្នុងតំបន់អឺរ៉ុបហាក់មានភាពធូរស្រាលវិញខ្លះហើយ»។
យ៉ាងណាក៏ដោយ បើយោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទោះក្នុងអំឡុងពេលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិជំងឺកូវីដ ១៩ ខ្លាំងយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែអាចទាក់ទាញអ្នកវិនិយោគបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះក៏មានរោងចក្រកាត់ដេរសម្លៀកបំពាក់ដែរ។
ឆ្នាំ ២០២១ កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ក្នុងទឹកប្រាក់សរុប ៨ ០១៧,៨៦ លានដុល្លារ កើនឡើង ៨,៥៣ ភាគរយ បើធៀបឆ្នាំ ២០២០ ដែលមានចំនួន ៧ ៣៨៧,៤៣ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕