Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឲ្យសម្តេច ស ខេង ជួយអន្តរាគមន៍ទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស

Admin Alynana | Sep 21, 2022
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឲ្យសម្តេច ស ខេង ជួយអន្តរាគមន៍ទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស
Clinic narith

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស។ ការស្នើនេះ ធ្វើឡើងក្រោយ ក្រសួង សង្កេតឃើញថា ឈ្មួយនៅតែបន្តនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃយ៉ាងអនាធិបតេយ្យ ដែលបានបង្កក្តីបារម្ភដល់ឧស្សាហកម្ម និងសិប្បកម្មកែច្នៃជ័រកៅស៊ូទៅជារបស់របរប្រើប្រាស់ក្នុងស្រុក។ បញ្ហានេះក៏បានធ្វើឲ្យប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលរបស់រដ្ឋផងដែរ។

ដើម្បីទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ក្នុងគោលបំណងជួយដល់សមាគមកៅស៊ូ, រោងចក្រនិងសិប្បកម្មកែច្នៃកៅស៊ូក្នុងស្រុក ព្រមទាំងបង្កើតការងារដល់ប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិនោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឲ្យក្រសួងមហាផ្ទៃជួយទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស។ ការស្នើនេះ ធ្វើឡើងក្រោយមន្ត្រីជំនាញនៃក្រសួងកសិកម្មចុះសិក្សាស្រាវជ្រាវរកឃើញថា សកម្មភាពឈ្មួញទិញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃសម្រាប់នាំចេញបានកើតឡើងជាហូរហែយ៉ាងអនាធិបតេយ្យនៅខេត្តមួយចំនួន។

សម្រាប់ឯកឧត្តម វេង សាខុន សកម្មភាពនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃនេះ ជាទង្វើខុសឆ្គងមួយដែលផ្ទុយនឹងសារាចរណ៍ស្តីពី«វិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស»របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យអនុវត្តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣។

 

ម្យ៉ាងទៀត ការនាំចេញនេះ វាបានធ្វើឱ្យប៉ះពាល់ដល់សមាគមកៅស៊ូ រោងចក្រ និងសិកម្មកែច្នៃកៅស៊ូក្នុងស្រុកខ្វះវត្តុធាតុដើមសម្រាប់កែច្នៃ ដែលប្រឈមនឹងការបិទទ្វារ ព្រមទាំងបាត់បង់ចំណូលពន្ធរដ្ឋពីការនាំចេញកៅស៊ូ និងឈើកៅស៊ូ និងបាត់បង់ការងាររបស់ប្រជាពលរដ្ឋផងដែរ។

ក្នុងសំណើរខាងលើឯកឧត្តម វេង សាខុន បានស្នើឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ទៅរដ្ឋបាលខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាប់ព្រំដែនទាំងអស់ជួយពង្រឹងការអនុវត្តសារាចរណ៍របស់រាជរដ្ឋាភិបាល ដែលហាមមិនឲ្យនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស ឲ្យម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់៕