Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន អាស៊ី ប៉ាស៊ីហ្វិក ចង់នាំយកបច្ចេកវិទ្យាអតិសុខុមប្រាណដី មកចែកចាយនៅកម្ពុជា ដើម្បីជួយកសិករបង្កើនគុណភាពដី

Admin Alynana | Sep 21, 2022
ក្រុមហ៊ុន អាស៊ី ប៉ាស៊ីហ្វិក ចង់នាំយកបច្ចេកវិទ្យាអតិសុខុមប្រាណដី មកចែកចាយនៅកម្ពុជា ដើម្បីជួយកសិករបង្កើនគុណភាពដី
Clinic narith

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes។

បើតាមក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងជំនួបនោះ លោក Jimmy TAY បានធ្វើបទបង្ហាញជូនលោករដ្ឋមន្ត្រី និងមន្ត្រីជំនាញអំពីបច្ចេកទេសថ្មី ដែលមានសារៈសំខាន់ និងជាពិសេសអត្ថប្រយោជន៍នៃការប្រើប្រាស់អតិសុខុមប្រាណដី Soil Microbes ទៅលើគុណភាពដី និងដំណាំ។

លោក បានបញ្ជាក់ថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes របស់ក្រុមហ៊ុន បាន និងកំពុងប្រើប្រាស់ក្នុង ១១ប្រទេស ហើយក្នុងនោះ ៧ប្រទេស គឺស្ថិតនៅក្នុងតំបន់អាស៊ី រួមមាន ប្រទេសម៉ាឡេស៊ី ប្រទេសថៃ កំពុងប្រើប្រាស់លើមុខដំណាំស្រូវ ប្រទេសវៀតណាមលើមុខដំណាំកៅស៊ូ ប្រទេសឥណ្ឌូនេស៊ីលើមុខដំណាំប្រេងដូង ប្រទេសឥណ្ឌាលើមុខដំណាំស្រូវ ចេក និងស្រូវសាលី ប្រទេសចិនលើមុខដំណាំតែនិងស្រូវ និងប្រទេសហ្វីលីពីន។ ហើយកម្ពុជាគឺជាប្រទេសបន្ទាប់ដែលមាននៅក្នុងផែនការវិនិយោគ និងចែកចាយបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes នេះរបស់ក្រុមហ៊ុន។

លោក Jimmy TAY បន្តថា បច្ចេកវិទ្យារបស់ក្រុមហ៊ុនលោក គឺមិនមែនជាផលិតផលជីនោះទេ គឺជាផលិតផលបំប៉នសម្រាប់ជួយកែប្រែដី ធ្វើឱ្យដីមានជីវជាតិ ហើយឈានទៅអាចកាត់បន្ថយការប្រើប្រាស់ជីបានជាង ៥០% ដោយក្នុង ១ហិកតា ត្រូវការប្រើប្រាស់ផលិតផលនេះតែ ១គីឡូប៉ុណ្ណោះ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានសម្តែងនូវការចាប់អារម្មណ៍ និងស្វាគមន៍ចំពោះបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes របស់ក្រុមហ៊ុន ដើម្បីជួយកសិករបង្កើនគុណភាពដី បង្កើនទិន្នផល និងជាពិសេសកាត់បន្ថយការចំណាយលើការប្រើប្រាស់ជី និងថ្នាំ ខណៈដែលក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន និងរុស្សី បានធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្មមានការឡើងថ្លៃគួរឱ្យបារម្ភ។

លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុន ធ្វើកិច្ចសហការជាមួយនាយកដ្ឋានជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងពិសោធន៍លើផលិតផលនេះ ហើយជំហានបន្ទាប់ គឺត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរៀបចំប្រើប្រាស់សាកល្បងលើមុខដំណាំដែលមានសក្ដានុពល ដូចជា ស្រូវ ពោត ដំឡូងមី ដំណាំស្លឹក និងកៅស៊ូ នៅតាមស្ថានីយពិសោធន៍នានានៅតាមខេត្តគោលដៅ មុនធ្វើការចែកចាយទៅលើទីផ្សារ៕