(ព្រះសីហនុ)៖ យោងតាមរបាយការណ៍ពី មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានអោយដឹងថា នាឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤- ២៦ ខែកញ្ញា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកកម្សាន្ដនៅក្នុងខេត្តព្រះសីហនុ មានចំនួនប្រមាណជាង ៨៤.០០០នាក់ ខណៈដែលភ្ញៀវទេសចរនៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ ចាប់ពីឆ្នេរអូឈើទាលពីររហូត ដល់ជិតដើមឈើចាំស្នេហ៍ មានភ្ញៀវទេសចរមកពីបណ្តារាជធានី/ខេត្ត នៃព្រះជាណាចក្រកម្ពុជា បានចូលមកកំសាន្តក្នុងខេត្តព្រះសីហនុ មានចំនួនច្រើនកុះករគួរឱ្យកត់សម្គាល់ ដោយក្នុងនោះក៏មានភ្ញៀវទេសចរយ៉ាងច្រើនបានក្រាលកន្ទេលអង្គុយលេង នៅតាមបណ្តោយឆ្នេរសាធារណៈដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនាពេលកន្លងមក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីត្រៀមទទួល ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលបានមកលេងកំសាន្តក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ នៅតាមបណ្តោយឆ្នេរសមុទ្រ និងទីសាធារណៈនានាជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដោយក្នុងភូមិសាស្ត្រនៃខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។
របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំ បិណ្ឌរយៈពេលបីថ្ងៃធៀបនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅនេះគឺមានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៨៤.៥៥៧នាក់ កើនឡើង ៥,០១% ដោយក្នុងនោះមាន៖
-ភ្ញៀវជាតិ ៨២.០០១នាក់ កើនឡើង ៥,០៣%
-ភ្ញៀវបរទេសសរុប ២.៥៥៦នាក់ កើនឡើង ៤,៤១%
ចំណែកប្រភពភ្ញៀវ និងភ្ញៀវទៅសម្រាកកម្សាន្តនៅតាមគោលដៅទេសចរណ៍មានដូចខាងក្រោម៖
១.មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុចំនួន ៥ជើង ស្មើនឹង ២០០នាក់កើនឡើង១០០% ជាតិ ៥នាក់កើនឡើង១០០% និងអន្តរជាតិ ១៩៥នាក់ កើនឡើង១០០% (ដោយក្នុងឆ្នាំ២០២១ ពុំមានយន្តហោះដំណើរការនោះទេ)។
២.ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាមានភ្ញៀវសរុប ៩០៩នាក់ ថយចុះ ២៦,៨១% ក្នុងនោះ
•ភ្ញៀវជាតិ ៦២១នាក់ ថយចុះ ១៩,៤៦%
•ភ្ញៀវបរទេស ២៨៨នាក់ ថយចុះ ៣៨,៨៥%
៣.ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា មានភ្ញៀវសរុប ៨៣.៤៤៨នាក់ កើនឡើង
៥,២៦ % ក្នុងនោះ៖
•ភ្ញៀវជាតិ ៨១.៣៧៥នាក់ កើន ឡើង៥,២៧%
•ភ្ញៀវបរទេស ២.០៧៣នាក់ កើន ឡើង៥,០២%
ជាមួយគ្នានេះដែរ គណៈបញ្ជាការដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមនិងជឿជាក់ថាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកំសាន្ត គឺពោរ ពេញដោយភាពសប្បាយ រីករាយ និងសុខសុវត្ថិភាព ទាំង អស់នេះ ដោយក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដ៏ឈ្លាសវៃ ព្រមទាំងខិតខំប្រឹងប្រែង ស្វែងរកវ៉ាក់សាំងចាក់ជូនដល់បង ប្អូនប្រជាពលរដ្ឋ ទើបយើងមានភាពសប្បាយរីករាយ ដូចពេលនេះតាមរយៈការបេីកប្រទេសឡេីងវិញ និងត្រូវតែបន្តអនុវត្តន៍ ៣កុំ និង ៣ការពារ ជានិច្ច ដេីម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕