រដ្ឋាភិបាលចិន បានបែងចែកកញ្ចប់ថវិកា ៤២ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធក្នុងស្រុក តាមរយៈការផ្ដល់កម្ចី ដោយធនាគាររដ្ឋធំៗរបស់ខ្លួន។ នេះបើតាមសេចក្ដីរាយការណ៍ដោយកាសែតជាតិរបស់ចិន Securities Times។
ការបង្កើនមូលនិធិសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់ក្រុមអ្នករៀបចំគោលនយោបាយ ដើម្បី ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត២ក្នុងពិភពលោកមួយនេះ ខណៈកន្លងមករដ្ឋាភិបាលចិនក៏បានបោះផ្សាយលក់បណ្ណបំណុលរដ្ឋជាបន្តបន្ទាប់ដែរ ដើម្បីប្រមូលមូលនិធិសម្រាប់គាំទ្រដល់គម្រោងសាធារណៈធំៗ។
គណៈរដ្ឋមន្ត្រីចិន កាលពីថ្ងៃទី ២៤ ខែសីហា បានផ្ដល់ជូននូវយន្ដការការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីស្ដារសេដ្ឋកិច្ច ដែលកំពុងដើរអូសជើង ក្នុងនោះរួមមានទាំងការបង្កើនកូតាឧបករណ៍គោលនយោបាយហិរញ្ញប្បទាន ដែលមានទំហំទឹកប្រាក់ដល់ទៅប្រមាណ ៤២ពាន់លានដុល្លារអាមេរិក។
តាមរយៈយន្ដការនេះ ធនាគារនាំចេញនាំចូលរបស់រដ្ឋចិន (EIBC) បានផ្ដល់នូវប្រាក់កម្ចី ៧ពាន់លានដុល្លារ សម្រាប់គាំទ្រដល់គម្រោងធំៗរហូតដល់ទៅ ១០៦គម្រោង។ ដោយឡែក ធនាគារអភិវឌ្ឍកសិកម្មរបស់ចិន (ADBC)វិញ ក៏បានផ្ដល់ជូនប្រាក់កម្ចីប្រហែល១៤ពាន់លានដុល្លារ សម្រាប់គម្រោងវិនិយោគ ៧៣២គម្រោងផងដែរ។ រីឯ ធនាគារអភិវឌ្ឍរបស់ចិន (CDB)បានផ្ដល់កម្ចីប្រហែល ២០ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍចំនួន៤២១គម្រោង។
ប្រភពពីកាសែតជាតិរបស់ចិន Securities Times ក៏បានគូសបញ្ជាក់ទៀតថា មូលនិធិសរុបប្រហែល៧០ពាន់លានដុល្លារ នៅក្នុងការបោះផ្សាយលក់បំណ្ណបំណុលពិសេសរបស់រដ្ឋ ក្រោមការអនុវត្តកូតាចាប់ពីឆ្នាំ២០១៩មកនោះ ក៏នឹងត្រូវប្រើប្រាស់សម្រាប់គម្រោងហេដ្ឋរចនាសម្ព័ន្ធក្នុងប្រទេសចិន នៅក្នុងត្រីមាសទី៤នៅឆ្នាំនេះដែរ ដោយវាជួយជំរុញឲ្យចិនសម្រេចបានកំណើននៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រហែល១០% នៅពេញមួយឆ្នាំ២០២២នេះ បើធៀបនឹងឆ្នាំមុន។
សូមបញ្ជាក់ថា សេដ្ឋកិច្ចចិនកាលពីត្រីមាសទី២ឆ្នាំនេះ ស្ទើរតែគេចមិនផុតពីការដាំក្បាលចុះនោះឡើយ ដោយសារតែជួបប្រទះនឹងការធ្លាក់ចុះខ្លាំងនៃទីផ្សារអចលនទ្រព្យ ការប្រើប្រាស់ធ្លាក់ចុះ និងវិធានការរឹតត្បិតកូវីដ១៩តឹងរ៉ឹងរបស់រដ្ឋអំណាចក្រុងប៉េកាំងជាដើម។ យ៉ាងណាមិញ តាមរយៈរបាយការណ៍ថ្មីចុងក្រោយរបស់ធនាគារពិភពលោក ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះដល់ទៅជិតពាក់កណ្ដាលឯណោះ ធៀបនឹងការព្យាករកាលពីលើកមុន ពោលគឺធនាគារពិភពលោកបានព្យាករសេដ្ឋកិច្ចចិននៅឆ្នាំ២០២២ មកនៅត្រឹមកំណើន២,៨%ប៉ុណ្ណោះ ខណៈកាលពីខែសីហាធ្លាប់ព្យាករថានឹងមានកំណើន៥%៕