យោងតាមឯកសាររបស់អគ្គនាយដ្ឋានពន្ធដារបានបង្ហាញថា ជាទូទៅអត្រានៃការជាប់ពន្ធត្រូវបានកំណត់ទៅតាមលក្ខខណ្ឌចំនួន ៣ធំៗ គឺ អ្នកជាប់ពន្ធតូច ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ។ក្នុងនោះចំណុចសម្គាល់ដែលបង្ហាញថាអាជីវកម្មដែលបងប្អូនកំពុងរកស៊ី ស្ថិតនៅក្នុងចំណាត់ថ្នាក់ណាមួយនោះគឺត្រូវសម្គាល់តាមទិន្នន័យជាក់ស្តែងដូចខាងក្រោមនេះ ៖
១.សហគ្រាសដែលត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធតូច ប្រសិនបើស្ថិតក្នុងចំណោមលក្ខខណ្ឌកំណត់ណាមួយដូចខាងក្រោម៖
- ផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀលដល់ ៧០០លានរៀល ឬ
- ផលរបរចាប់ពី ៦០ លានរៀលឡើងទៅ ក្នុងរយៈពេលបីខែជាប់គ្នាណាមួយ ឬ
- រំពឹងថាមានផលរបរក្នុងរយៈពេលបីខែជាប់គ្នាខាងមុខចាប់ពី ៦០ លានរៀល ឬ
- ជាសហគ្រាសចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃរួមទាំងភាស៊ី។
២.អ្នកជាប់ពន្ធមធ្យមត្រូវបានកំណត់ដូចខាងក្រោម៖
- ផលរបរប្រចាំឆ្នាំចាប់ពី ៧០០ លានរៀលដល់ ៤ ០០០លានរៀល ឬ
- សហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬ
- ស្ថាប័នរដ្ឋថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការឬសមាគមគ្រប់ប្រភេទរួមទាំងអង្គការមិនមែនរដ្ឋាភិបាល ឬ
- បេសកកម្មការទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភា្នក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
៣.អ្នកជាប់ពន្ធធំត្រូវបានកំណត់ដូចខាងក្រោម៖
- ផលរបរប្រចាំឆ្នាំចាប់ពី ៤ ០០០ លានរៀលឡើង ឬ
- បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
- សហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។