Alynana Media Cambodia
Icon Collap
clinic narit

មន្ត្រីយោធាអាមេរិក៖ ការធ្វើតេស្តសាកល្បងម្តងហើយម្តងទៀតនូវអាវុធនុយក្លេអ៊ែរដោយរដ្ឋកូរ៉េខាងជើងអាចនឹងជំរុញឲ្យខ្លួនឆ្លើយតបវិញ

Admin Alynana | Oct 03, 2022
មន្ត្រីយោធាអាមេរិក៖ ការធ្វើតេស្តសាកល្បងម្តងហើយម្តងទៀតនូវអាវុធនុយក្លេអ៊ែរដោយរដ្ឋកូរ៉េខាងជើងអាចនឹងជំរុញឲ្យខ្លួនឆ្លើយតបវិញ
Clinic narith

បើតាមមន្ត្រីយោធាជើងទឹកអាមេរិកប្រចាំកោះហូណូលូលូនៅប៉ាស៊ីហ្វិក បាននិយាយកាលពីថ្ងៃសុក្រ ទី ៣០ ខែកញ្ញា ថា ការធ្វើតេស្តសាកល្បងម្តងហើយម្តងទៀតនូវអាវុធនុយក្លេអ៊ែរ និងមីស៊ីលដោយរដ្ឋកូរ៉េខាងជើងអាចនឹងក្លាយជា «អ្នកផ្លាស់ប្តូរស្ថានការណ៍ដើម» ក្នុងតំបន់ ហើយនឹងធ្វើឲ្យសហរដ្ឋអាមេរិកក្តៅស្លឹកត្រចៀកក្នុងការឆ្លើយតបវិញតាមអ្វីដែលខ្លួនមាន។ នេះបើតាមការចុះផ្សាយសារព័ត៌មានរ៉យទ័រ។

ប្រទេសកូរ៉េខាងជើងដែលបានធ្វើការសាកល្បងមីស៊ីលផ្លោងចំនួន៤គ្រាប់កាលពីសប្តាហ៍មុន នៅអំឡុងពេលមានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី ហារីស ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ បើតាមមន្ត្រីអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ការចាប់ផ្តើមសាកល្បងក្បាលគ្រាប់អាវុធនុយក្លេអ៊ែររបស់រដ្ឋផ្តាច់ការមួយនេះ អាចនឹងត្រូវធ្វើឡើងសាជាថ្មីក្នុងសប្តាហ៍នៃសមាជបក្សកុម្មុយនិស្តចិនចាប់ពីថ្ងៃទី១៦ ខែតុលាខាងមុននេះ។

ការវិភាគរបស់មន្ត្រីរូបនេះ ដោយយោងទៅតាមចារកម្មស៊ើបការសម្ងាត់របស់យោធាកូរ៉េខាងត្បូង ដែលជឿជាក់ថា ការធ្វើតេស្តទំនងជានៅចន្លោះថ្ងៃទី១៦ តុលា និងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់ប្រធានាធិបតីអាមេរិកនៅថ្ងៃទី៧ ខែវិច្ឆិកានោះ។

យ៉ាងណាមិញ ការបាញ់ផ្លោងមីស៊ីលរយៈចម្ងាយខ្លីថ្មីនេះ មេបញ្ជាការកងទ័ពនាវាជើងទឹកអាមេរិចប្រចាំតំបន់ប៉ាស៊ីហ្វិក ឧត្តមសេនីយ Sam Paparo បាននិយាយបញ្ជាក់ថា ទង្វើផ្កើននេះនឹងបណ្តាលឲ្យក្លាយជា «បញ្ហាព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ» ហើយក៏ជំរុញឲ្យអាមេរិកឆ្លើយតបវិញយ៉ាងខ្លាំងក្លាដែរ។

លោកបន្ថែមថា ការឆ្លើយតបណាមួយនឹងត្រូវពិគ្រោះជាមួយសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក គឺកូរ៉េខាងត្បូង ដើម្បីនឹងរួមមានវិធានការសេដ្ឋកិច្ច ការទូត និងយោធានៅទីបំផុត។

ជាមួយគ្នានេះ តាមការគូសបញ្ជាក់របស់នាយឧត្តមសេនីយ៍ Kenneth Wilsbach មេបញ្ជាការកងទ័ពជើងអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ការកាន់កាប់អាវុធនុយក្លេអ៊ែរពីសំណាក់ទីក្រុងព្យុងយ៉ាងហាក់មិនដូចប្រទេសផ្សេងនោះទេ ដែលតែងយកមកគំរាមគេឯង ហើយបើនៅពេលខាងមុខមានការបាញ់សាកល្បងអាវុធនេះមែន នោះកូរ៉េខាងជើងនឹងក្លាយជា «អ្នកផ្លាស់ប្តូរស្ថានការដើម» ក្នុងតំបន់ ហើយអាមេរិក៏មិននៅស្ងៀមដែរ។

លោកបានបន្ថែមថា «វាគឺជាការណ៍មួយដែលមានការព្រួយបារម្ភយ៉ាងខ្លាំង មិនថាតែអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ សូម្បីតែប្រទេសចិន និងរុស្សីក៏មានការព្រួយបារម្ភមិនតិចដែរ គ្រាន់តែគេមិននិយាយប៉ុណ្ណោះ»

មែនទែនទៅ ក្រោមសម្ពាធពីការដាក់ទណ្ឌកម្មពីអន្តរជាតិលើកម្មវិធីអាវុធប្រល័យលោកនេះ រដ្ឋដ៏ឯកោកូរ៉េខាងជើងកាលពីខែមុន បានអនុម័តច្បាប់ថ្មីស្តីពីនុយក្លេអ៊ែរមិនអាចកែប្រែបាន ដែលផ្តល់សិទ្ធិឲ្យព្យុងយ៉ាងប្រើអាវុធនេះ ដើម្បីការពារខ្លួនជាមុន បើសិនមានការវាយប្រហារដែលគ្រោងទុកមុនមែននោះ។

គួរជម្រាបដែរថា រដ្ឋកូរ៉េខាងជើងគ្រប់គ្រងដោយលោក គីម ជុងអ៊ុន បានធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៦ ចាប់តាំងពីឆ្នាំ២០០៦មក ដោយការការសាកល្បងថ្មីចុងក្រោយក្នុងឆ្នាំ២០១៧ មានការថាមពលផ្ទុះខ្លាំងបំផុត ហើយបើតាមរូបភាពផ្កាយរណបដែលបានថតនៅក្នុងប៉ុន្មានខែថ្មីៗនេះ បង្ហាញពីសញ្ញានៃសកម្មភាពនៅក្នុងផ្លូវរូងក្រោមដីនៅទីតាំងសាកល្បងនុយក្លេអ៊ែរពុងគីរី (Punggye-ri) ផងដែរ៕