តាមការស្ទង់មតិមួយបានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នា បើគិតត្រឹមខែកញ្ញាដោយសារពលរដ្ឋធ្វើពហិការ មិនព្រមបង់សងប្រាក់កម្ចីបង់រំលស់ផ្ទះរបស់ពួកគេនៅទូទាំងប្រទេសចិន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចបានបំបាក់ទឹកចិត្តអ្នកទិញផ្ទះផងដែរ។ ការដែលពលរដ្ឋចិនមិនព្រមបន្ដបង់ប្រាក់បង់រំលស់ទិញផ្ទះរបស់ខ្លួននេះ ក៏ដោយសារតែគម្រោងលំនៅដ្ឋានដែលពួកគេទិញនោះ បានសាងសង់យឺតយ៉ាវ មិនស្របទៅតាមលក្ខខណ្ឌកំណត់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
វិបត្តិទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនមានសភាពកាន់តែអាក្រក់ទៅៗនៅក្នុងរដូវក្តៅនេះ ដោយទិន្នន័យផ្លូវការបានបង្ហាញពីតម្លៃ ការលក់ និងការវិនិយោគលើលំនៅឋានទាំងអស់បានធ្លាក់ចុះនៅក្នុងខែសីហា ដោយបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងពិភពលោកមួយនេះ។
តម្លៃផ្ទះនៅក្នុងទីក្រុងចំនួន ១០០ នៅប្រទេសចិនបានធ្លាក់ចុះ ០.០២% ក្នុងខែកញ្ញាធៀបនឹងខែមុន ខណៈដែលនៅខែកក្កដា និងសីហា តម្លៃផ្ទះក៏បានធ្លាក់ចុះ ០.០១% ដូចៗគ្នា។ នេះបើយោងតាមការស្ទង់មតិដោយក្រុមហ៊ុន China Index Academy (CIA) ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយនៅប្រទេសចិន។
ការស្ទង់មតិនេះបានបង្ហាញថា ក្នុងចំណោមទីក្រុងទាំង ១០០នេះ គឺទីក្រុងចំនួន ៥៦ បានប្រកាសពីការធ្លាក់ចុះនៃតម្លៃផ្ទះប្រចាំខែបើធៀបនឹង ៦៩ ទីក្រុងផ្សេងទៀតនៅក្នុងខែសីហា ហើយតម្លៃផ្ទះថ្មីជាផ្លូវការសម្រាប់ខែកញ្ញានឹងត្រូវចេញផ្សាយដោយការិយាល័យស្ថិតិជាតិនៅថ្ងៃទី១៩ ខែតុលា។
ភាពច្របូកច្របល់ក្នុងវិស័យនេះបានកើនឡើងកាន់តែខ្លាំងបន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេមួយចំនួនធំបានបរាជ័យលើការសងមូលបត្របំណុល និងបរាជ័យក្នុងការបញ្ចប់គម្រោង ឬក៏ចាប់ផ្តើមគម្រោងថ្មីដែលជំរុញឱ្យអ្នកទិញផ្ទះជាច្រើនបញ្ឈប់ការសងប្រាក់កម្ចី និងលែងសូវមានតម្រូវការសម្រាប់ផ្ទះថ្មី។
វិធានការបិទខ្ទប់រ៉ាំរ៉ៃទប់ស្កាត់ជំងឺកូវីដ១៩នៅប្រទេសចិនក៏ជាផ្នែកមួយរួមចំណែកដល់ការធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ផងដែរ ខណៈដែលការបាត់បង់ការងារ និងកំណើនសេដ្ឋកិច្ចទន់ខ្សោយបានធ្វើឱ្យមនុស្សជាច្រើនប្រុងប្រយ័ត្នចំពោះការចំណាយរបស់ពួកគេ។
ដើម្បីជំរុញបង្កើនវិស័យដ៏ស្មុគ្រស្មាញមួយនេះទីក្រុងតូចៗជាច្រើនបានចាត់វិធានការនៅឆ្នាំនេះដូចជាការកាត់បន្ថយការបង់ប្រាក់កក់ ការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ និងការផ្តល់លក្ខខណ្ឌល្អប្រសើរជាងមុនសម្រាប់គ្រួសារដែលមានកូនលើសពីម្នាក់ផងដែរ។
ធនាគារកណ្តាលចិនបាននិយាយបញ្ជាក់កាលពីសប្ដាហ៍មុនថា រដ្ឋាភិបាលក្នុងតំបន់មួយចំនួនឥឡូវនេះនឹងអាចបន្ធូរបន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះជាដំណាក់កាលៗសម្រាប់អ្នកទិញផ្ទះលើកដំបូងនៅក្នុងទីក្រុងមួយចំនួន។
លោក ចាវ ជីងជីង (Cao Jingjing) អ្នកវិភាគនៃការស្ទង់មតិរបស់ក្រុមហ៊ុន China Index Academy (CIA) បាននិយាយថា នៅក្នុងត្រីមាសទី៤ ឆ្នាំនេះ រដ្ឋាភិបាលក្នុងតំបន់នៅប្រទេសចិនអាចត្រូវគេរំពឹងថា នឹងអនុវត្តវិធានការបន្ថែមទៀតដើម្បីពង្រឹងទីផ្សាររៀងៗខ្លួនខណៈដែលកំពុងបន្តការពារប្រឆាំងនឹងការទិញផ្ទះទុកលក់យកចំណេញនៅពេលអនាគត៕