ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី និងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៤-៦ តុលា នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ដើម្បីពង្រឹង និងបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេស ទាំង ២ ថែមមួយកម្រិតទៀត។
ក្នុងដំណើរបំពេញទស្សនកិច្ចកាលពីថ្ងៃទី ៤ តុលា ឯកឧត្តម ហ៊ុន ម៉ាណែត បានជួបពិភាក្សា ជាមួយលោក Simon Stuart មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី ដោយក្នុងជំនួបនោះ លោក ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតឱ្យបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំង ២ ថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជា ជាពិសេសក្នុងដំណាក់កាលស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។
ជាការឆ្លើយតប លោក Simon Stuart បានឯកភាពចំពោះគោលគំនិត និងសំណើរបស់កងទ័ពជើងគោកកម្ពុជា ដោយបានបញ្ជាក់ថា ភាគីទាំង ២ អាចពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការលើការងារជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) បន្ថែមទៀតនៅពេលអនាគត។
លោក Simon Stuart ក៏បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងបានស្នើសុំឱ្យលោក ហ៊ុន ម៉ាណែត ចែករំលែកអំពីបទពិសោធពាក់ព័ន្ធនឹងការទប់ស្កាត់ និងការគ្រប់គ្រងការរាតត្បាតនៃជំងឺនេះ។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានធ្វើការចែករំលែកអំពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទាំងនៅក្នុងយន្តការថ្នាក់ជាតិ ក៏ដូចជាការចូលរួមរបស់កងទ័ពនៅក្នុងបេសកកម្មដ៏សំខាន់បំផុតនេះ ជាពិសេសក្រោមការដឹកនាំដោយផ្ទាល់ និងដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងដំណើរទស្សនកិច្ច នៅប្រទេសអូស្ត្រាលីនៅថ្ងៃដដែលនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារជាមួយនឹងលោក ROMEO S BRA-WNER JUNIOR មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន។ ឯកឧត្តម ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំង ២ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែង នៃកិច្ចសហការរវាងអង្គភាព ចំណុះកងទ័ពទាំង ២ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះដែរ លោកក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។
ជាការឆ្លើយតប លោក ROM-EO S BRAWNER JUNIOR បានឯកភាពចំពោះការវាយតម្លៃរបស់លោក ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់ការគាំទ្រចំពោះគោលគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកងទ័ពទាំង ២ បន្ថែមទៀតនៅពេលអនាគត។ ក្រៅពីនេះ ភាគីទាំង ២ ក៏បានចែករំលែកអំពីបទពិសោធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាអាទិ៍ការដាក់ចេញនូវវិធានការផ្សេងៗ និងការចូលរួមរបស់កងទ័ពក្នុងយុទ្ធនាការចាក់វ៉ាក់សាំង៕