ធនាគារពាណិជ្ជធំៗក្នុងប្រទេសថៃបានប្រញាប់ប្រញាល់ដំឡើងអត្រាការប្រាក់ជាការឆ្លើយតបទៅនឹងការដំឡើងអត្រាការប្រាក់គោលដល់ទៅពីរលើកជាប់ៗគ្នារបស់ធនាគារកណ្តាលថៃ។ បញ្ហានេះកំពុងបង្កការព្រួយបារម្ភថា អាជីវកម្ម និងពលរដ្ឋអ្នកប្រើប្រាស់ទូទៅនឹងត្រូវបង្កើនការចំណាយខ្ពស់ជាងមុនសម្រាប់អត្រាការប្រាក់ខ្ពស់ ស្របពេលដែលសេដ្ឋកិច្ចថៃនៅតែស្ថិតក្នុងដំណាក់កាលងើបចេញពីវិបត្តិជំងឺរាតត្បាតកូវីដ១៩នៅឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់ថៃបាងកកបុស្តិ៍។
ធនាគារបាងកក ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេក្នុងប្រទេស បានដំឡើងអត្រាការប្រាក់កម្ចីរបស់ខ្លួនពី ០,៣% ទៅ ០,៤%បន្ថែមទៀត ខណៈធនាគារនេះ ក៏បានបង្កើនអត្រាប្រាក់បញ្ញើរបស់ខ្លួនផងដែរពី ០,១៥% ទៅ០,៥%ផងដែរ កាលពីចុងខែកញ្ញា។ ការដំឡើងនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីទទួលបានការជូនដំណឹងរបស់ធនាគារកណ្តាលថៃស្តីពីការដំឡើងអត្រាការប្រាក់គោល។
ដោយឡែក ធនាគារកសិកន (Kasikorn Bank) នៅថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដំឡើងអត្រាការប្រាក់កម្ចី 0,២៥%បន្ថែម ខណៈធនាគារផ្សេងៗទៀតត្រូវបានគេរំពឹងថា នឹងអនុវត្តការដំឡើងអត្រាការប្រាក់នេះដូចគ្នាដែរ។
គួររំឭកថា ធនាគារកណ្តាលថៃ បានបង្កើនអត្រាការប្រាក់គោលរបស់ខ្លួនចំនួន២លើករួចមកហើយ ដើម្បីទប់ទល់នឹងអតិផរណា។ ក្នុងនោះ កាលពីខែសីហាធនាគារកណ្តាលថៃបានដំឡើង ០,២៥% រីឯនៅចុងខែកញ្ញាថ្មីៗនេះបានសម្រេចដំឡើង ០,២៥%ទៀត។ ទោះយ៉ាងណា ធនាគារកណ្តាល មិនអនុញ្ញាតឱ្យធនាគារពាណិជ្ជ ដំឡើងអត្រាការប្រាក់ច្រើនពេក ឬលឿនពេក ភ្លាមៗនោះទេ។
ដោយសារសេដ្ឋកិច្ចថៃកំពុងជួបការលំបាក រដ្ឋាភិបាលក្រុងបាងកក បានស្នើសុំកិច្ចសហប្រតិបត្តិការពីធនាគារមួយចំនួនដែលគ្រប់គ្រងដោយរដ្ឋ រួមមានធនាគារក្រុងថេប ធនាគារសន្សំប្រាក់របស់រដ្ឋាភិបាល ធនាគារកសិកម្មថៃ និងធនាគារមួយចំនួនទៀត ដើម្បីរក្សាអត្រាការប្រាក់របស់ពួកគេឱ្យនៅដដែលសិនរហូតដល់ចុងឆ្នាំ២០២២ ក្នុងគោលបំណងជួយកាត់បន្ថយផលប៉ះពាល់លើសហគ្រាសធុនតូច និងមធ្យម និងក្រុមពលរដ្ឋងាយរងគ្រោះ។
ទោះយ៉ាងណា ការបន្តដំឡើងអត្រាការប្រាក់ពីធនាគារកណ្តាល ធនាគាររដ្ឋ ធនាគារពាណិជ្ជក្នុងប្រទេសថៃ មិនថាតិច ឬច្រើន រយៈពេលខ្លី ឬវែងនោះទេ គឺសុទ្ធតែបានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមវិស័យធុរកិច្ច ដោយសារការកើនឡើងនៃការចំណាយរបស់ពួលគេ អាចប៉ះពាល់ដល់ទិដ្ឋភាពសេដ្ឋកិច្ចទាំងមូល ស្របពេលដែលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ មិនទាន់ងើបចេះពីវិបត្តិបានពេញលេញនៅឡើយ ក្រោយរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩ ។ លើសនេះសេដ្ឋកិច្ចថៃត្រូវប្រឈមមុខនឹងហានិភ័យកើតឡើងច្រើនទៀតនាពេលខាងមុខ ជាពិសេស គឺប្រាក់បាតចុះថោក ឱនភាពពាណិជ្ជកម្មកាន់តែធំ និងបំណុលគ្រួសាររីកប៉ោង។
លោក ក្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ មានប្រសាសន៍ថា វិស័យឧស្សាហកម្មនឹងត្រូវចំណាយខ្ពស់ជាងមុន ហើយវានឹងពិតជាមានផលប៉ះពាល់អវិជ្ជមានដល់ប្រតិបត្តិការ និងប្រាក់ចំណេញរបស់ពួកគេ។
គួរជម្រាបថា សេដ្ឋកិច្ចថៃបានកើនឡើង ២,៤% នៅក្នុងឆមាសទីមួយឆ្នាំ២០២២។ កំណើននេះក៏ដោយសារតែ ថៃទាញបានប្រយោជន៍ច្រើន ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលជាវិស័យស្នូលមួយ តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលថៃក្នុងការបើកប្រទេសឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសជាលក្ខណៈកញ្ចប់ទេសចរណ៍ (Thailand Sandbox)។
អាជ្ញាធរទេសចរណ៍ថៃ រំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណពី ៧ ទៅ ១០ លាននាក់នៅក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណា ចំនួននេះ នៅតែទាបជាងចំនួនភ្ញៀវទេសចរចំនួន ៣៩ លាននាក់ ដែលថៃធ្លាប់ទទួលបានកាលពីឆ្នាំ២០១៩ មុនពេលប្រទេសនេះត្រូវរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩៕