Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យ លោក ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មជំនួស លោក វេង សាខុន

Admin Alynana | Oct 10, 2022
រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យ លោក ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មជំនួស លោក វេង សាខុន
Clinic narith

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាល ស្នើរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក វេង សាខុន ដែលត្រូវបានបញ្ចប់តំណែង។

យោងតាមលិខិតរាជរដ្ឋាភិបាលលេខ៩៩០ លស ចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានស្នើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែម សមាជិករាជរដ្ឋាភិបាល។

យោងតាមលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងដូច្នេះថា៖ «យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំងព្រះរាជក្រឹត្យលេខ នស/រកត/០៨១៨/៨៦២ ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៨ ស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាម តម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមស្នើ សម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។

បើតាមលិខិតរបស់រដ្ឋសភា បានឱ្យដឹងថា រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីពិនិត្យលើសំណើរបស់ រាជរដ្ឋាភិបាលក្នុងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រភពច្បាស់ការបានឱ្យដឹងថា ការបោះឆ្នោតអាចនឹងធ្វើនៅក្នុងកិច្ចប្រជុំពេញអង្គ នាថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ សប្តាហ៍នេះតែម្តង។

តបតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ត្រូវបានព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ហេតុផលចម្បង នៃការបញ្ចប់តំណែងនេះ មិនទាន់ត្រូវបានបង្ហើបនៅឡើយទេ ប៉ុន្តែភ្លាមៗ បន្ទាប់ពីមានការបញ្ចប់តំណែងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ អំពីស្ថានភាព នៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម ខណៈដែល លោក វេង សាខុន អវត្តមាននៅក្នុងប្រទេស ដោយទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប៕