ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូបទៅពិនិត្យបញ្ជីរឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមបណ្តាសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ ទូទាំងប្រទេស ឬតាមរយៈគេហទំព័រ និង កម្មវិធីទូរស័ព្ទដៃរបស់ គ.ជ.ប ដើម្បីប្រាកដថាខ្លួនមានឈ្មោះ និងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលាដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
តាមរយៈវីដេអូពន្យល់នៅលើបណ្ដាញយូធូបផ្លូវការរបស់ គ.ជ.ប ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ អាចទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមបណ្តាសាលាឃុំ សង្កាត់ និងនៅតាមទីប្រជុំប្រជុំជនមួយចំនូនក្នុងឃុំ សង្កាត់ ឬអាចចូលពិនិត្យមើលឈ្មោះតាមរយៈរបស់ខ្លួនតាមរយៈគេហទំព័ររបស់ គ.ជ.ប. voterlist.nec.gov.kh ឬតាមយៈកម្មវិធីទូរស័ព្ទដៃ(APP) “NEC KH” ដើម្បីប្រាកដថាខ្លូនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត។
ក្នុងករណីដែលពលរដ្ឋពិនិត្យឃើញថា ឈ្មោះ និងទិន្នន័យខ្លួនមិនមានភាពត្រឹមត្រួវ ដូចទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលធ្លាប់បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមកទេ ពលរដ្ឋអាចស្នើសុំធ្វើការកែតម្រូវតាមរយៈក្រុមចុះឈ្មោះបោះឆ្នោត ដោយភ្ជាប់ជាមួយនូវឯកសារសម្អាងច្បាស់លាស់ទៅជាមួយ ក្នុងអំឡុងពេលប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ខ្លួនរស់នៅបាន។ នេះបើតាមឯកឧត្តមប្រធាន គ.ជ.បបញ្ជាក់។
ចំណែកគ.ជ.ប នៅថ្ងៃទី១០ខែតុលាឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា បញ្ជីឈ្មោះផ្លូវការ ឆ្នាំ២០២១ (បញ្ជីបោះឆ្នោតចុងក្រោយ) និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត សម្រាប់បម្រើដល់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវបានបិទផ្សាយជាសាធារណៈ នៅតាមបណ្តាឃុំ សង្កាត់ ចំនួន ១.៦៥២ ទូទាំងប្រទេសហើយ ចាប់ពីថ្ងៃទី១០ ខែតុលាឆ្នាំ២០២២ តទៅ ព្រមទាំងបានបង្ហោះព័ត៌មាននិងទិន្នន័យទាំងនេះ ចូលក្នុង គេហទំព័រ និងកម្មវិធីទូរស័ព្ទដៃផ្លូវការរបស់ គ.ជ.ប ផងដែរ។
គ.ជ.ប ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតដែលមិនទាន់មានឈ្មោះបោះឆ្នោត រួមមាន អ្នកទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ឬពលរដ្ឋខ្មែរដែឡបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី ទៅចុះឈ្មោះតាមបប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមបណ្តាឃុំ សង្កាត់ដែលខ្លួនត្រួវបោះឆ្នោត។
ឯកឧត្តមប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោតបន្ថែមថា លោកមានជំនឿយ៉ាងមុតមាំថា ពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងឡាយ នឹងរួមគ្នាសហការតាមការអំពាវនេះ ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិបោះឆ្នោតសម្រាប់ពលរដ្ឋគ្រប់ៗគ្នា ខណៈរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
បើតាមស្ថិតិប៉ាន់ស្មាន នៅក្នុងឆ្នាំ២០២២នេះ ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន១០,៨៧៧,០១៧នាក់ ក្នុងនោះស្រីមានចំនួន៥,៥៦៨,៣៩៨នាក់។ ប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ មានចំនួន៩,២០៥,៦៨១នាក់។ ចំណែកចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២ មានចំនួន៤០៩,០៥៦នាក់ ខណៈចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន១០៤,៩៥៦នាក់៕