បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ចំពោះប្រាក់ដុល្លាររបស់ខ្លួន បានជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនៅតាមប្រទេសនានា រួមទាំងកម្ពុជាបានដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើសម្រាប់អតិថិជនរបស់ខ្លួន។ ជាក់ស្តែងធនាគារ អេស៊ីលីដា ក៏បានបង្កើនអត្រាការប្រាក់លើប្រាក់បញ្ញើជូនដល់អតិថិជនរហូតដល់៨,៧% សម្រាប់ប្រាក់រៀល និងប្រាក់ដុល្លារ៧,២៥% ដែលមានកំណើនជាមធ្យម ៥៤% សម្រាប់ប្រាក់រៀល និង២៩% សម្រាប់ប្រាក់ដុល្លារ បើធៀបនឹងអត្រាការប្រាក់លើប្រាក់បញ្ញើកាលពីដំណាច់ឆ្នាំ២០២១។
អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុយល់ឃើញថា ការដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើនេះ ចង់ ឬមិនចង់វានឹងជំរុញឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដំឡើងអត្រាការប្រាក់ឥណទាន ដើម្បីទប់ទល់ការចំណាយ និងរក្សាស្ថិរភាពប្រាក់ចំណេញដូចគ្នាដែរ។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា កត់សម្គាល់ឃើញថា ក្រោយសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់លើប្រាក់ដុល្លារ ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណា បានជំរុញគ្រឹះស្ថានហិរញ្ញវត្ថុនៅតាមប្រទេសនានារួមទាំងកម្ពុជាបានដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអត្រាការប្រាក់ជាសកល។ ជាក់ស្តែងធនាគារអេស៊ីលីដា ក៏ស្ថិតក្នុងចំណោមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលបានដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើជូនអតិថិជនផងដែរ។
បើតាមការគូសបញ្ជាក់របស់លោកស្រី ម៉ារ អមរា ធនាគារអេស៊ីលីដាបានដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើជាប្រាក់រៀលជូនអតិថិជនរហូតដល់ ៨,៧% ខណៈប្រាក់បញ្ញើជាប្រាក់ដុល្លារ ៧,២៥%ក្នុងមួយឆ្នាំសម្រាប់ប្រាក់បញ្ញើមានកាលកំណត់។ ក្នុងនោះអត្រាការប្រាក់លើប្រាក់បញ្ញើជាប្រាក់រៀលមានកំណើនមានការកើនឡើងជាមធ្យម៥៤% រីឯប្រាក់ដុល្លារកើនឡើង២៩% បើធៀបនឹងអត្រាការប្រាក់លើប្រាក់បញ្ញើនៅឆ្នាំ២០២១។ ទោះបីអេស៊ីលីដាបានដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើ ក៏ពិតមែន ប៉ុន្ដែធនាគារខ្មែរពាណិជ្ជដ៏ធំមួយនេះ នៅតែបន្តផ្តល់ឥណទានជូនអតិថិជនជាមួយអត្រាការប្រាក់សមរម្យទៅតាមតម្រូវកការទីផ្សារដដែល។ នេះបើតាមការលើកឡើងរបស់លោកស្រី ម៉ារ អមរ៉ា។
ពាក់ព័ន្ធការដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើនេះដែរ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុម្នាក់នៅកម្ពុជាយល់ឃើញថា ការកំណត់អត្រាការប្រាក់លើប្រាក់បញ្ញើ ឬឥណទាន គឺផ្អែកលើកត្តាជាច្រើន ក្នុងនោះការកើនឡើងអតិផរណាក៏ជាកត្តាចាំបាច់មួយដែរ។ អ្នកជំនាញរូបនេះយល់ថា កត្តាដែលជំរុញឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើ គឺដោយសារកើនឡើងអត្រាការប្រាក់ជាសកល ដែលបណ្តាលមកពីការដំឡើងអត្រាការប្រាក់ដុល្លាររបស់អាមេរិក គួបផ្សំការកើនឡើងអតិផរណា។ ម្យ៉ាងទៀត គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះចង់កៀរគរទុនក្នុងស្រុក ក្រោយប្រភពទុនពីក្រៅប្រទេសមានតម្លៃកើនឡើង។
លោក ង៉ែត ជូ ជឿជាក់ថា ក្រោយមានការដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើ វានឹងជំរុញឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា ជាពិសេសគ្រឹះស្ថានដែលពឹងផ្អែកខ្លាំងលើប្រភពទុនពីបរទេស ដំឡើងអត្រាការប្រាក់ឥណទានសម្រាប់អតិថិជន ដើម្បីទប់ទល់នឹងការចំណាយ និងរក្សាស្ថិរភាពប្រាក់ចំណូលដូចគ្នាដែរ។ កត្តានេះវានឹងជះឥទ្ធិពលអវិជ្ជមានដល់វិនិយោគិន និងប្រជាពលរដ្ឋ ដែលត្រូវទុនពីគ្រឹះស្ថានធនគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីពង្រីក ឬស្តារអាជីវកម្មរបស់ពួកគេ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ កន្លងមក។ លើសពីនេះ វានឹងធ្វើឲ្យតម្លៃទំនិញលើផ្សារមានការកើនឡើង ដែលអាចធ្វើឲ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះលោក កាំង តុងងឺ ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់កាលពីពេលថ្មីៗថា បើទោះបីមានការដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើក៏ដោយ តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមនឹងមិនដំឡើងអត្រាការប្រាក់លើប្រាក់កម្ចីជូនអតិថិជននោះទេ។ លោកបន្ថែមថា ការមិនដំឡើងអត្រាការប្រាក់កម្ចី ក៏ដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនចង់បង្កើនសម្ពាធការចំណាយដល់អតិថិជន ម្យ៉ាងចង់រួមចំណែកជួយស្តារជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ-១៩។
គិតត្រឹមឆមាសទី ១ឆ្នាំ២០២២ ស្ថានភាពប្រព័ន្ធធនាគារកម្ពុជានៅតែមានភាពល្អប្រសើរ ដោយអត្រានៃការដាក់ប្រាក់បញ្ញើអតិថិជនមានប្រមាណជាង ៤២ពាន់លានដុល្លារ កើនឡើង ១៦% បើនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯ ឥណទានអតិថិជនវិញ មានជាង៥១ពាន់លានដុល្លារកើនឡើងជាង២៣%។ នេះបើតាមតួលេខពីធនាគារជាតិនៃកម្ពុជា៕