(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញទៅមន្ត្រីអត្រានុកូលដ្ឋាន ត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពលរដ្ឋដែល គ្រប់អាយុឈ្មោះបោះឆ្នោតបាន និងអាចចុះឈ្មោះបោះឆ្នោតបានទាន់ពេលវេលា ។
ក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតថ្មី និងប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការធ្វើអត្តសញ្ញាណប័ណ្ណ មិនមែនជាបញ្ហារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ (គ.ជ.ប) ប៉ុន្តែជាការងាររបស់មន្ត្រីអត្រានុកូលដ្ឋាន ។
សម្ដេចតេជោ បានបន្តថា ដូចនេះ មន្ត្រីអត្រានុកូលដ្ឋាន ត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានឆាប់រហ័ស ដើម្បីឲ្យពលរដ្ឋអាចចុះឈ្មោះបោះឆ្នោត ឬការផ្ទេរទីតាំងបោះឆ្នោតជាដើម ឲ្យបានទាន់ពេលតាមការកំណត់របស់ គ.ជ.ប ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា ការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ មានរយៈពេលចំនួន ៥០ថ្ងៃ ។ គិតត្រឹមឆ្នាំ២០២២ ប្រជាពលរដ្ឋខ្មែរ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ជាង ៩លាន ២សែននាក់ ៕