Alynana Media Cambodia
Icon Collap
clinic narit

គណៈប្រតិភូរដ្ឋសភាកម្ពុជាបានប្រកាសលទ្ធផល នៃការចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាង រដ្ឋសភាជាតិកម្ពុជា ឡាវ និងវៀតណាម (CLV)

Admin Alynana | Oct 22, 2022
គណៈប្រតិភូរដ្ឋសភាកម្ពុជាបានប្រកាសលទ្ធផល នៃការចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាង រដ្ឋសភាជាតិកម្ពុជា ឡាវ និងវៀតណាម (CLV)
Clinic narith

 

(ភ្នំពេញ)៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងគណៈកម្មការ/ គណៈកម្មាធិការកិច្ចការបរទេរសនៃរដ្ឋសភាជាតិនៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម(CLV) នៅទីក្រុងសាប៉ា ខេត្តឡៅកៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ក៏មានការចូលរួមគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ លោក Sanya Praseuth ប្រធានគណៈកម្មាធិការកិច្ចការបរទេស ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីសេចក្តីព្រាងនីតិវិធី នៃការរៀបចំកិច្ចប្រជុំកំពូលនៃរដ្ឋសភាជាតិ CLV ដែលគ្រោងនឹងរៀបចំលើកទី១ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅឆ្នាំ២០២៣ ស្របតាមស្មារតីនៃទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា មកកាន់ប្រទេសវៀតណាម និងឡាវ កាលពីខែកញ្ញា ឆ្នាំ២០២២ និងស្មារតីនៃជំនួបរវាងប្រធានគណៈកម្មការ/គណៈកម្មាធិការកិច្ចការបរទេសនៃប្រទេស CLV នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីខែមីនា ឆ្នាំ២០២២ ដែលបានឯកភាពក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃរដ្ឋសភាទាំងបី ទៅដល់កម្រិតប្រធានរដ្ឋសភា។

សូមបញ្ចាក់ជូនថា កិច្ចសហប្រតិបត្តិការនៃរដ្ឋសភាជាតិ CLV បានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ ស្របពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម បង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA)។

កិច្ចប្រជុំពិគ្រោះយោបល់នេះ បានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីមិត្តភាពស្និទ្ធស្នាលដោយប្រធានគណៈកម្មការ/គណៈកម្មាធិការកិច្ចការបរទេសនៃប្រទេសទាំងបី បានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការលើកកម្ពស់សហប្រតិបត្តិការនៅតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដើម្បីចំណងមិត្តភាព សាមគ្គីភាព និងការលើកកម្ពស់ជីវភាពប្រជាជននិងការអភិវឌ្ឍនៅតំបន់ព្រំដែន CLV ហើយបានឯកភាពគ្នាជាគោលការណ៍លើខ្លឹមសារនៃសេចក្តីព្រាងនីតិវិធី ដើម្បីត្រៀមដាក់ជូនថ្នាក់ដឹកនាំកំពូលនៃរដ្ឋសភាទាំងបី ពិនិត្យនិងសម្រេចជាផ្លូវការ ក្នុងជំនួបនាឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅរាជធានីភ្នំពេញ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយសេចក្តីព្រាងវិធាននៃនីតិវិធីនេះ នឹងក្លាយជាមូលដ្ឋាននៃការរៀបចំកិច្ចប្រជុំកំពូលនៃរដ្ឋសភា CLV តាមយន្តការប្តូរវេនរៀងរាល់ពីរឆ្នាំម្តង។

ជាមួយគ្នានេះផងដែរ គណៈប្រតិភូនៃរដ្ឋសភា CLV ក៏ត្រូវបានទទួលស្វាគមន៍ដោយថ្នាក់ដឹកនាំនៃខេត្តឡៅកៃ និងបានបំពេញទស្សនកិច្ចនៅតំបន់ព្រំដែនគីមថាញ់ ដែលជាច្រកព្រំដែនឆ្លងកាត់ពាណិជ្ជកម្មរវាងវៀតណាមនិងចិន ព្រមទាំងបានបន្តដំណើរទៅទីក្រុងហាណូយ នៅថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចនៅស្ថានីយ៍វិទ្យុនិងទូរទស្សន៍រដ្ឋសភាវៀតណាម នៅថ្ងៃទី២០ និងចូលជួបសម្តែងការគួរសមជាមួយនឹង លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២៕