តំបន់ទេសចរណ៍ចំនួន ៦ កន្លែងនៅខេត្តស្ទឹងត្រែង នៅតែទទួលបានការទាក់ទាញភ្ញៀវឲ្យទៅលេងមិនចេះដាច់ ដោយសារតែខេត្តមួយនេះសម្បូរទៅដោយធនធានធម្មជាតិមានទេសភាពស្អាតៗ សម្រាប់បម្រើដល់វិស័យទេសចរណ៍។
ខេត្តស្ទឹងត្រែងនេះ មានទន្លេរចំនួន ៤ បានហូរកាត់ រួមមាន៖ ទន្លេមេគង្គ ទន្លេសេសាន្ត ទន្លេសេកុង និងទន្លេស្រែពក។ លោកបានបញ្ជាក់ថា ដោយសារមានអំណោយផលពីធម្មជាតិផងនេះ ទើបខេត្តនៃភូមិភាគឦសានមួយនេះសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ដ៏ស្រស់បំព្រង ដែលកើតចេញពីព្រៃលិចទឹកខៀវស្រងាត់មានផ្ទាំងថ្មតូចធំជាច្រើននៅតាមទន្លេ និងបឹងបួរទើបធ្វើឲ្យខេត្តនេះសំបូរកន្លែងកម្សាន្ត លំហែរកាយ និងមានការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងមិនចេះដាច់ ពិសេសថ្ងៃឈប់សម្រាកពីការ។
បច្ចុប្បន្ននេះខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍ចំនួន ៦ កន្លែងដែលកំពុងស្រូបយកអ្នកទេសចរជាតិ និងអន្តរជាតិឲ្យមកលេងជាហូរហែរ។ តំបន់ទេសចរណ៍ទាំងនោះរួមមាន៖ តំបន់ទេសចរណ៍អន្លង់ផ្សោតឈើទាល តំបន់ព្រៃលិចទឹករ៉ាមសារ តំបន់ឧទ្យានជាតិវីរៈជ័យ តំបន់ទេចរណ៏ណ៍បូរីអូរស្វាយ តំបន់ទេចរណ៍អូរឫស្សីកណ្តាល និងតំបន់ទេសចរណ៍រមណីយដ្ឋានចំការក្រូច ដែលទៅដល់តំបន់នោះភ្ញៀវទេសចរអាចជិះទូកមើលត្រីផ្សោតដ៏កម្របង្ហាញខ្លួនឡើងលើផ្ទៃទឹកទន្លេមេគង្គដ៏អស្ចារ្យ សម្រាប់ភ្ញៀវទេសចរទស្សនាក៏ដូចជាជិះទូក មើលសត្វស្លាប មើលព្រៃលិចទឹក និងងូតទឹកលេងកម្សាន្ត ក្រោមម្លប់ឈើធំៗរាប់សិបពាន់ដើមអមដោយឆ្នេរខ្សាច់សក្បុះ និងអាចបោះតង់សម្រាកដោយសុខសាន្តថែមទៀតផង។
តំបន់ទេសចរណ៍សំខាន់ៗមានចំនួន ៦ កន្លែងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបែបធម្មជាតិគឺអន្លង់ផ្សោតឈើទាល ដែលស្ថិតនៅឃុំព្រះរំកិលស្រុកបុរី អូរស្វាយសែនជ័យនេះគឺនៅព្រំប្រទល់ឡាវកម្ពុជាតែម្ដង គឺជារមណីយដ្ឋានទេសចរណ៍មួយដ៏ទាក់ទាញដោយសារតែផលិតផលទេសចរណ៍នៅទីនោះ មានផ្សោត មានទឹកធ្លាក់សុភមិត្រផ្សារភ្ជាប់តំបន់រ៉ាមសារ ហើយជាពិសេសតំបន់ព្រំដែនតែម្ដងដែលយើងអាចមើលឃើញទេសភាពនៅតំបន់ព្រំដែន និងមានភ្នំមួយចំនួនទៀតនេះគឺជាតំបន់ដែលមានសក្តានុពលខ្លាំងទាក់ទាញ។ រហូតដល់បច្ចុប្បន្នកំពុងតែជួបវិបត្តិកូវីដ-១៩ ជាលក្ខណៈសកលតែភ្ញៀវទេសចរនៅតែចូលមកទស្សនាជាបន្តបន្ទាប់ដែរនៅពេលបច្ចុប្បន្ននេះ។