Alynana Media Cambodia
Icon Collap
clinic narit

គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀតឆ្ពោះទៅភាគខាងកើត នៃប្រទេសកម្ពុជា

Admin Alynana | Oct 24, 2022
គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀតឆ្ពោះទៅភាគខាងកើត នៃប្រទេសកម្ពុជា
Clinic narith

ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងចាប់ផ្តើមចុះហត្ថលេខានៅថ្ងៃនេះ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រោយបញ្ចប់កិច្ចចរចារវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនរបស់ចិន។ នេះបើតាមការបញ្ជាក់ពីអនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងសាធារណការនិងដឹកជញ្ជូន លោក គង់ វិមាន។

ការចុះហត្ថលេខាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតនៅថ្ងៃនេះនឹងធ្វើឡើងក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនរបស់ចិន។

ក្រោយបញ្ចប់ការចុះហត្ថលេខា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នឹងធ្វើសន្និសីទសារព័ត៌មាន នៅក្រសួងសាធារណការនិងដឹកជញ្ជូន នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់កាលពីចុះត្រួតពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកថា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតនេះនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមលោក ស៊ុន ចាន់ថុល កន្លងមកក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនChina Road and Bridge Corporation (CRBC) ហើយត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៅខែវិច្ឆិកាខាងមុខនេះ ដើម្បីឱ្យទាន់ការចុះហេត្ថលេខចរចាកិច្ចព្រមព្រៀងសម្បទាននៅត្រឹមចុងឆ្នាំ២០២២ ដើម្បីត្រៀមបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២នេះ ក្រសួងធ្លាប់បានឱ្យក្រុមហ៊ុនចិន China Railway International Group Co.,Ltd (CRIG) សិក្សាលើគម្រោងនេះអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែអត់មានលទ្ធផល ទើបរាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងសាធារណការសហការជាមួយក្រុមហ៊ុនចិនមួយទៀតគឺក្រុមហ៊ុន CRBC ជាអ្នកសិក្សាលើបច្ចេកទេសសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលក្រុមហ៊ុនមួយនេះក៏ធ្លាប់បានសិក្សាអំពីគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុផងដែរ។

លោករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានប្រវែង ១៣៥គីឡូម៉ែត្រ ក្រសួងគ្រោងត្រៀមចំណាយថវិកាជាង ២ពាន់លានដុល្លារអាម៉េរិក។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ដែលផ្លូវល្បឿនលឿនមួយនេះនឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋ ជាពិសេសពង្រីកទំហំពាណិជ្ជកម្ម និងដឹកជញ្ជូនរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។

ក្រៅពីគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រសួងសាធារណការក៏មានគម្រោងផ្សេងៗទៀតផងដែរ ក្នុងនោះមានគម្រោងសាងសង់រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ គម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងដែលមានស្រាប់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ព្រមទាំងគម្រោងពង្រីកការដឹកជញ្ជូនផ្លូវទឹកតាមទន្លបាសាក់ជាដើម។

សូមបញ្ជាក់ថា កម្ពុជាមានផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានប្រវែង ១៨៧គីឡូម៉ែត្រ ដោយបានបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃរយៈពេលមួយខែ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ផ្លូវមួយខ្សែនេះ ចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ២ពាន់លានដុល្លារ៕